អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន បានសម្រេចធ្វើការផ្លាស់ប្តូរទាហានចំនួន ៥០នាក់ដែលភាគីទាំងសងខាងចាប់ខ្លួនបាន ក្នុងកិច្ចព្រមព្រៀងមួយដែលភាគីទាំងសងខាងបានស្វាគមន៍គ្នា ទោះបីជាកងកម្លាំងនៃប្រទេសទាំងពីរបាននឹងកំពុងប្រយុទ្ធគ្នា នៅសមរភូមិមួយផ្សេងទៀតនាភាគខាងកើតនៃប្រទេសអ៊ុយក្រែនយ៉ាងណាក្តី។
រដ្ឋមន្រ្តីការពារជាតិរុស្សីបានប្រកាសថា កងកម្លាំងទាហានទាំង ៥០នាក់ដែលអនុញ្ញាតឱ្យមកកាន់ប្រទេសរុស្សីវិញនេះ នឹងត្រូវធ្វើដំណើរតាមយន្តហោះឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ សម្រាប់ការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ និងផ្លូវចិត្ត។ នៅក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការដែលធ្វើឡើងដោយក្រសួងការពារជាតិរុស្សីបានបញ្ជាក់ថា៖ "នៅថ្ងៃទី ០៨ ខែមករា ជាលទ្ធផលនៃកិច្ចចរចា កងកម្លាំងរុស្សីចំនួន ៥០នាក់ដែលស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់ដល់ជីវិតពេលកំពុងជាប់ឃុំនោះ ត្រូវបានបញ្ជូនត្រឡប់ពីទឹកដីដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនវិញជាផ្លូវការហើយ"។
ដោយឡែក ភាគីខាងអ៊ុយក្រែនឯណោះវិញក៏បានបញ្ជាក់ពីព័ត៌មាននៃការផ្លាស់ប្តូរទាហានដែលត្រូវចាប់បានចំនួន ៥០នាក់ជាមួយរុស្សីវិញដែរ ដែលជាផ្នែកមួយដូចគ្នានៃកិច្ចព្រមព្រៀង។ លោក អេនទ្រី យើម៉៉ាក់ (Andriy Yermak) នាយកខុទ្ទកាល័យប្រធានាធិបតីបានសរសេរនៅលើ Twitter របស់លោកថា៖ "ជាជោគជ័យមួយទៀតក្នុងការផ្លាស់ប្តូរឈ្លើយសឹកចំនួន ៥០នាក់។ ៥០រូបនៃទាហានអ៊ុយក្រែនបានត្រឡប់មកវិញហើយ។ ជាកិច្ចការបន្ត យើងនឹងនាំប្រជាជនយើងទាំងអស់ត្រឡប់មកផ្ទះវិញ ដែលយើងកំពុងធ្វើកិច្ចការនេះ"។
លោក Yermak ក៏បានបង្ហោះរូបភាពដែលកងកម្លាំងទាហានអ៊ុយក្រែនដែលត្រូវបានដោះលែង កាន់់ជាប់កាបូបដែលមានផ្ទុកអាហារ និងត្រៀមចេញដំណើរតាមឡានក្រុងត្រឡប់មកវិញ រួមទាំងវីដេអូនៃការច្រៀងចម្រៀងជាតិអ៊ុយក្រែនតាមផ្លូវត្រឡប់មកវិញផងដែរ៕