សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានធ្វើដំណើរទៅកាន់បន្ទាត់ព្រំដែនអាមេរិក-ម៉ិចស៊ិចកូ នៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាលើកដំបូងបង្អស់របស់លោកចាប់តាំងពីការចូលកាន់តំណែងជាប្រធានាធិបតីជាងពីរឆ្នាំកន្លងទៅ។ ការធ្វើដំណើរទៅកាន់ព្រំដែននេះ អាចជាចំណុចរសើបមួយពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយអាមេរិកបច្ចុប្បន្ន ខណៈគេដឹងថា លោក Biden ត្រៀមនឹងឈរឈ្មោះជាប្រធានាធិបតីសម្រាប់ការបោះឆ្នោតអាណត្តិក្រោយសាជាថ្មី។
លោក Biden កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសផែនការថ្មីក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍ដែលពីប្រទេស គុយបា ហៃទី និងនីការ៉ាហ្គ័រនៅព្រំដែនអាមេរិក-ម៉ិកស៊ិក ដែលបានគំរាមពីការបណ្តេញត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ខណៈទស្សនកិច្ចរបស់លោកទៅកាន់តំបន់ អេល ប៉ាសូ (El Paso) នារដ្ឋតិចសាស់ (Texas) នេះ នឹងមិនមានការកែប្រែអ្វីដែលលោកធ្លាប់បានលើកឡើងពាក់ព័ន្ធបញ្ហាជនអន្តោប្រវេសន៍នេះដែរ។
គោលដៅរយៈពេលវែងនៃការជំរុញឱ្យសភាអនុម័តច្បាប់ដើម្បីជួសជុលប្រព័ន្ធអន្តោប្រវេសន៍ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អាមេរិកទំនងជាមិនជោគជ័យនោះទេ ដោយសារមូលហេតុនៃការគ្រប់គ្រងថ្មីរបស់គណបក្សសាធារណរដ្ឋនៃសភាតំណាងរាស្រ្តអាមេរិក។ សមាជិកសភាស្តាំនិយម ធ្លាប់បានវាយប្រហារម្តងហើយម្តងទៀត នូវសំណើកំណែទម្រង់បែបបទអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។
តំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ លោក Jim Jordan បានប្រាប់អ្នកសារព័ត៌៌មានកាលពីថ្ងៃអាទិត្យកន្លងទៅថា គណបក្សសាធារណរដ្ឋអាចសហការជួយដល់គណបក្សប្រជាធិបតេយ្យបានប៉ុន្តែលុះត្រាតែលោក Biden អនុម័តគោលនយោបាយអនុវត្តរបស់អតីតប្រធានាធិបតី Donald Trump ។ គោលនយោបាយទាំងនោះរួមមានការបំបែកកុមារចេញពីឪពុកម្តាយចំណាកស្រុករបស់ពួកគេ ដែលជាផ្នែកមួយនៃវិធីសាស្រ្ត "គ្មានការអត់ឱន" ដើម្បីរារាំងការធ្វើអន្តោប្រវេសន៍ខុសច្បាប់។
សេតវិមានបាននិយាយថាលោកប្រធានាធិបតី Joe Biden នឹងវាយតម្លៃប្រតិបត្តិការពង្រឹងបញ្ហាព្រំដែននៅ El Paso ជាកន្លែងដែលអភិបាលក្រុងរបស់គណបក្សប្រជាធិបតេយ្យបានប្រកាសភាពអាសន្នកាលពីខែមុន ដោយលើកឡើងពីបញ្ហាជនចំណាកស្រុករាប់រយនាក់កំពុងដេកនៅតាមដងផ្លូវក្នុងរដូវកាលនៃសីតុណ្ហភាពចុះត្រជាក់ ហើយរាប់ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនជារៀងរាល់ថ្ងៃ៕