លោក ស្រី ចំរើន៖ ពលករខ្មែរធ្វើការនៅប្រទេសថៃប្រឈមទុក្ខលំបាក ដែលទាមទារឱ្យមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ប្រធានសមាគមមិត្តពលករកម្ពុជា លោក ស្រី ចំរើន បានចុះទៅសិក្សាស្រាវជ្រាវពីស្ថានភាព ជីវភាព និងទុក្ខលំបាករបស់ពលករខ្មែរ និងនិស្សិតកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ រួមទាំងបណ្តាប្រទេសនានាអស់រយៈពេល ៦ខែ។
តាមរយៈកិច្ចចុះស្រាវជ្រាវពីស្ថានភាពរស់នៅរបស់ពលករខ្មែរធ្វើការនៅប្រទេសថៃរយៈពេល ៦ខែកន្លងមកនេះ លោក ស្រី ចំរើន បានដឹងពីទុក្ខលំបាករបស់ពួកគេជាច្រើន ដោយពួកគេបានចាញ់បោកមេខ្យល់ដោយឆ្លងដែនខុសច្បាប់ ការចំណាយខ្ពស់លើថ្លៃសេវា មុនបានមកធ្វើការនៅប្រទេសថៃ។ ក្នុងអំឡុងពួកគេស្នាក់នៅ និងធ្វើការនៅប្រទេសថៃដោយគ្មានលិខិតឆ្លងដែន គ្មានឯកសារគ្រប់គ្រាន់ ពួកគេត្រូវបង់លុយឱ្យអាជ្ញាធរដើម្បីធានាឱ្យពួកគេអាចធ្វើការនៅប្រទេសថៃ។
លោក ស្រី ចំរើន បន្តថា ពួកគេក៏ត្រូវបានភ្នាក់ងារក្រុមហ៊ុនរោងចក្រដកលិខិតឆ្លងដែនទុក គ្មានសេរីភាពក្នុងការធ្វើដំណើរបានក្នុងប្រទេសថៃពីតំបន់មួយទៅតំបន់មួយ ខាងការងារ និងខាងសាសនា។
លោកគូសបញ្ជាក់ថា ទន្ទឹមនេះពលករខ្មែរមួយចំនួនក៏ត្រូវបានថៅកែថៃធ្វើបាប មិនបើកប្រាក់ខែ ជួបគ្រោះថ្នាក់ជាយថាហេតុ ឬស្លាប់ និងរឿងក្តីក្តាំនៅតុលាការប្រទេសថៃ។
ជាមួយគ្នានេះ លោក ស្រី ចំរើន បានបន្តថា ការស្នើសុំធ្វើលិខិតឆ្លងដែន ពណ៌ក្រហម និងលិខិតធ្វើដំណើរ (TD) មានភាពស្មុគ្រស្មាញសម្រាប់ពលករ ដោយចំណាយថវិកាច្រើន និងចំណាយពេលវេលាយូរ ដោយថាពលករខ្មែរដែលធ្វើនៅប្រទេសថៃចន្លោះឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ននេះមិនទាន់ទទួលបានលិខិតឆ្លងដែនទាំងនោះនៅឡើយទេ។
ដោយមើលឃើញពីទុក្ខលំបាករបស់ពលករចំណាកស្រុក លោក ស្រី ចំរើន បានសរសេរលិខិតគោរពរាយការណ៍ និងលើកសំណើពាក់ព័ន្ធនឹងទុក្ខលំបាករបស់ពលករខ្មែរធ្វើការនៅប្រទេសថៃ ជូននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ រួចរាល់ហើយកាលពីកន្លងទៅនេះ។
លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ បើជួបទុក្ខលំបាកនានា អាចទាក់ទង ឬផ្តល់ព័ត៌មានមកសមាគមមិត្តពលករកម្ពុជា ដែលមានទីស្នាក់ការនៅទីក្រុងបាងកក ប្រទេសថៃ។
លោកបានអះអាងថា សមាគមមិត្តពលករកម្ពុជាដែលត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីទទួលស្គាល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២២ នឹងព្យាយាមដោះស្រាយទុក្ខលំបាកតាមកម្រិតនៃការទទួលខុសត្រូវរបស់ខ្លួន។ ជាមួយគ្នានេះ សមាគមនឹងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាលដើម្បីទទួលជ្រាប៕