លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

បញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍ ១៣នាក់ ក្រោយបង្ករបួសស្នាមលើអ្នកល្មើសច្បាប់ចរាចរណ៍ជនជាតិចិន

តាកែវ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍ចំនួន ១៣នាក់ រយៈពេល ១ខែ ក្រោយពីមានជម្លោះបង្ករបួសស្នាមដល់ជនជាតិចិនម្នាក់ដែលបានបើកបរលើសល្បឿនកំណត់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

ការឈានដល់ការបញ្ឈរជើងលើមន្ត្រីនគរបាលចរាចរណ៍ខេត្តតាកែវចំនួន ១៣នាក់នោះ គឺកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ម្ចាស់ហ្វេសប៊ុកឈ្មោះ CUI JIAN បានបង្ហោះខ្លឹមសារ និងរូបថតប៉ុន្មានសន្លឹកក្នុងហ្វេសប៊ុកបង្ហោញពីស្លាកស្លាមបង្កឡើងក្នុងជម្លោះរវាងមន្ត្រីនរគបាលចរាចរណ៍ដែលបានហៅផាកពិន័យចំនួន ១០០ដុល្លារដោយសារបើកបរលើសល្បឿនកំណត់ត្រង់គីឡូម៉ែត្រលេខ៦៨។

បន្ទាប់ពីបានឃើញនូវការបង្ហោះរបស់ម្ចាស់គណនីជនជាតិចិន ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានស្នើឱ្យជនជាតិចិនចូលមកស្នងការដ្ឋានដើម្បីសាកសួរបន្ថែម។ ប៉ុន្តែជនជាតិចិននោះឆ្លើយតបមកវិញថា រូបគាត់គ្មានបំណងប្តឹងលើមន្ត្រីនគរបាលឡើយ។

ផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តតាកែវបានសរសេរដូច្នេះថា៖ « រូបលោកផ្ទាល់ (ជនជាតិចិន) មិនមានបំណងប្តឹងនោះទេ គ្រាន់តែបង្ហាញអារម្មណ៍ដែលខឹងចំពោះមន្ត្រីនគរបាលចរាចរណ៍គោលដៅខាងលើ បានធ្វើសកម្មភាពមិនសមរម្យ និងបណ្តាលឱ្យមានរបួសស្នាម ណាមួយត្រូវឡើងយន្តហោះទៅលេងស្រុកនាបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនខាងមុខនេះផង និងមិនបានទាមទារអ្វីលើសពីនេះទេ»។

ថ្វីបើជនជាតិចិនមិនមានការប្តឹងផ្តល់ដល់មន្ត្រីនគរបាលក៏ពិតមែន ប៉ុន្តែស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានសម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចរាចរណ៍ចំនួន ១៣នាក់ ដោយបញ្ឈរជើងរយៈពេល ១ខែ ហើយតម្រូវឱ្យបង្ហាញមុខរាល់ពេលម៉ោងធ្វើការជាកំណត់។

លោកបន្តថា ការអនុវត្តវិន័យចំពោះមន្ត្រីនគរបាលទាំង១៣រូបនោះ គឺដើម្បីអប់រំក្រមសីលធម៌ អាកប្បកិរិយាឆ្គាំឆ្គង មិនមានវិន័យ គ្មានភាពអំណត់លើការងារជំនាញ បណ្តាលឱ្យមានជាបាតុភាពក្នុងពេលបំពេញការងារ។

ស្នងការដ្ឋាននគរបាលខេត្តតាកែវបានអំពាវនាវដល់សាធារណៈជនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ ស្វែងយល់ពីច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ខាតពេលវេលា និងទ្រព្យសម្បត្តិ និងជៀសផុតពីការពិន័យរបស់មន្ត្រីនគរបាលផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក