កំពង់ចាម៖ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ឱកាសឲ្យអ្នកសារព័ត៌មានសួរសំណួរទៅកាន់សម្តេចលើបញ្ហាមួយចំនួន នាជំនួបថ្ងៃទី១៤ ខែមករា ដែលជាខួបលើកទី៣៨ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា។
ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាស៍ថា៖ «ខ្ញុំនឹងទុកឱកាសខ្លះដល់អ្នកសារព័ត៌មានរបស់យើង អាចសួរសំណួរមកកាន់ខ្ញុំនៅពេលនោះ ដើម្បីយើងអាចឆ្លើយឆ្លងលើបញ្ហាខ្លះ»។
គួររំលឹកដែរថា រហូតមកដល់ពេលនេះមានរយៈពេល ៣៨ឆ្នាំហើយ ដែលសម្ដេចតេជោកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីរដ្ឋសភា ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ បន្ទាប់ពីធ្វើជារដ្ឋមន្ត្រីការបរទេសអស់រយៈពេល ៦ឆ្នាំ (ឆ្នាំ១៩៧៩-ឆ្នាំ១៩៨៥) និងជានាយករដ្ឋមន្ត្រីស្ដីទីប្រមាណ ៣ខែ បន្ទាប់ពីលោក ចាន់ ស៊ី ចេញទៅសហភាពសូវៀតដើម្បីព្យាបាលជំងឺ៕