កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ព្រមានប្ដឹងសើរើយកផ្ទះរបស់លោក គង់ គាំ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញវិញ បន្ទាប់ពីលោក គង់ គាំ ធ្វើការវាយប្រហារលើគណបក្សប្រជាជន។
បើតាមសម្ដេចតេជោ លោក គង់ គាំ កាលពីអតីតកាលគឺជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់គណបក្សប្រជាជន និងបានក្លាយជាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសវៀតណាម ក្រោយពីត្រលប់ពីប្រទេសវៀតណាមវិញលោក គង់ គាំ បានយកអតីតទីតាំងរបស់ក្រសួងការបរទេសធ្វើជាផ្ទះរបស់ខ្លួនបច្ចុប្បន្ន។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣៕










