កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យមេធាវីគណបក្សប្រជាជនគ្រប់ខេត្ត-រាជធានី ត្រៀមប្ដឹងមន្ត្រីបក្សប្រឆាំងទៅតុលាការដែលចោទគណបក្សប្រជាជនថាលួចសន្លឹកឆ្នោត និងឃោសនាវាយប្រហារបក្សប្រជាជន។
ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានអំពាវឱ្យគណបក្សនយោបាយទាំងអស់ធ្វើការឃោសនាលើគោលនយោបាយខ្លួនទៅកាន់ពលរដ្ឋ ជៀសវាងធ្វើការវាយប្រហារបក្សប្រជាជនដើម្បីលើកខ្លួនឯង។ សម្ដេចបន្ថែមថា សម្ដេចទទួលបានព័ត៌មានគ្រប់គ្រាន់ពីការចេញឃោសនារបស់ក្រុមប្រឆាំង។
សម្ដេចថា៖ «អ្នកចង់ក្លាយខ្លួនជាសត្រូវរបស់បក្សប្រជាជនឬយ៉ាងណា? ឃោសនាតែគោលនយោបាយរបស់អ្នកទៅ ចាំបាច់អីមកវាយប្រហារគណបក្សប្រជាជន។ […] ខ្ញុំសូមដាស់តឿនអ្នក បើអ្នកនៅតែបន្តយើងនឹងប្រើសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់»។
សម្ដេចតេជោ បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាមិនអាចទទួលយកបានថាជាចោរមួយជីវិតនោះទេ និងទុកជម្រើសឱ្យ២គឺធ្វើតាមផ្លវូច្បាប់ ឬសម្ដេចត្រូវប្រមូលមនុស្សបក្សប្រជាជនទៅវ៉ៃអ្នកដែលចោទនោះ។
សម្ដេចថា៖ «បើអ្នកមិនព្រមបញ្ឈប់ការវាយប្រហារយើងមិនមានជម្រើសទេ»៕