កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសន្ដិភាពនិងការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមគ្នា ការដែលរក្សាបានត្រឹមសន្ដិភាពតែគ្មានការអភិវឌ្ឍគឺអាចនាំឱ្យរដ្ឋាភិបាលបរាជ័យផងដែរ។
ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «បើចង់មានការអភិវឌ្ឍត្រូវរក្សាសន្ដិភាព ហើយបើងចង់រក្សាសន្ដិភាពត្រូវការការអភិវឌ្ឍ»។
សម្ដេចបានលើកឡើងបន្ថែមថា សន្តិភាពដែលទុកឱ្យពលរដ្ឋក្រីក្រនឹងធ្វើឱ្យពលរដ្ឋលែងគាំទ្រអាចឈានដល់ការប៉ះបោរប្រឆាំងរដ្ឋាភិបាល។
សម្ដេចថា៖ «នេះជាអ្វីដែលរដ្ឋាភិបាលត្រូវគិតគូរគឺសន្ដិភាពនិងការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមគ្នា»។
បើតាមសម្ដេចតជោ ការរក្សាបានភាពនឹងនរបច្ចុប្បន្នគឺរដ្ឋាភិបាលធ្វើយ៉ាងណារក្សាសន្ដិភាពឱ្យបានយកពេលដែលមានសន្ដិភាពនេះដើម្បីធ្វើការអភិវឌ្ឍន៍ ដើម្បីយកការអភិវឌ្ឍន៍នេះដើម្បីពង្រឹងសន្ដិភាពតទៅមុខទៀត៕
PHOTO: ហ៊ុន យុទ្ធគុណ