កំពង់ស្ពឺ៖ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ថាក្នុងនាមជាប្រជាជនខ្មែរ ពេលយើងនឹកឃើញដល់ថ្ងៃ៧មករា យើងត្រូវនឹកឃើញទៅលើ ៣ចំណុចជាគោល។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាប្រកួតបាល់ទាត់ Soccer League លើកទី៦ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី បានលើកឡើងចំណុចទាំង៣នោះគឺ ថ្ងៃទី១៨ ខែមីនាឆ្នាំ១៩៧០ នៃរដ្ឋប្រហារដែលដឹកនាំដោយសេនាប្រមុខ លន់ នល់ ដែលជារដ្ឋប្រហារនៃការទម្លាក់ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ បាននាំកម្ពុជាធ្លាក់ទៅដល់ភ្លើងសង្គ្រាម និងសោកនាដកម្មដ៏សែនខ្លោចផ្សារ។ ចំណុចទី២ គឺប្រជាពលរដ្ឋខ្មែរទោះបីយើងក្នុងបច្ចុប្បន្នមានសុខសន្តិភាព និងស្ថិរភាពហើយក្នុងនាមជាយុវជនជំនាន់ក្រោយយើងមិនគួរណាបំភ្លេចបាននូវសោកនាដកម្មនេះ ជាពិសេសប្រជាពលរដ្ឋខ្មែរប្រមាណ ៣លាននាក់ ដែលបានស្លាប់ដោយអយុត្តិធម៌នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
និងចំណុចទី៣ គឺថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាចំណុចចាប់ផ្តើមសាជាថ្មីចំពោះប្រជាជាតិ និងប្រជាជនកម្ពុជាដែលខំប្រឹងប្រែងតស៊ូដើម្បីឲ្យយើងមានមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្នប្រជាជនកម្ពុជាកំពុង រស់នៅយ៉ាងសុខដុមរមនា ប្រកបដោយក្ដីសង្ឃឹម ក្រោមម្លប់សន្តិភាព ហើយប្រឹងប្រែងយក អស់កម្លាំងកាយចិត្ត ដើម្បីបន្តអភិវឌ្ឍ ជាតិមាតុភូមិ និងលើកកម្ពស់ជីវភាពរបស់ខ្លួន និងកិត្យានុភាពជាតិ។
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ គឺជាខួប ៤៤ឆ្នាំនៃជ័យជម្នះរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម និងបានគ្រប់គ្រងប្រទេសតាំងពីពេលនោះមក។ រយៈពេល ៤៤ឆ្នាំហើយដែលថ្ងៃជ័យជម្នះនេះត្រូវចារទុកជាប្រវត្តិសាស្ត្រ និងត្រូវបានអបអរសាទរទូទាំងប្រទេសផងដែរ៕