ភ្នំពេញ៖ នៅរដូវប្រាំងជារៀលរាល់ឆ្នាំ មានសភាពក្តៅ ហួតហែង ស្ងួតខ្លាំងដែលជាកត្តាងាយបង្កឱ្យកើតមាននូវភ្លើងឆេះព្រៃ។ ប៉ុន្តែប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្ស។
កត្តាមនុស្សដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើង នៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស។
បញ្ហាទាំងនេះហើយដែលបង្កឱ្យមានការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។
ដើម្បីជៀសវាងកុំឱ្យបញ្ហានេះកើតឡើង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានណែនាំដល់មន្ត្រី សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នេសាទ សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអប់រំផ្សព្វផ្សាយ និងណែនាំដល់ប្រជាសហគមន៍ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅ-ព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផល អនុផលព្រៃឈើជាដើម។
មន្ត្រី អាជ្ញាធរ និងអ្នកពាក់ព័ន្ធនានា ត្រូវទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំ កសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ។
មន្ទីរបរិស្ថាន និងមន្ទីរក្រសួងកសិកម្មរាជធានី-ខេត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ក្នុងករណីមានភ្លើងឆេះព្រៃជាយថាហេតុ។ ប្រសិនមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ សមត្ថកិច្ចត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន។
ក្រសួងបរិស្ថាន និងក្រសួងកសិកម្មបានគូសបញ្ជាក់ថា ក្នុងករណីពលរដ្ឋចាំបាច់ត្រូវតែប្រើភ្លើងជាមធ្យោបាយក្នុងការផុតកាកសំណល់ឈើព្រៃ ក្រោមគោលបំណងដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀត ពលរដ្ឋត្រូវជូនដំណឹងដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថានរាជធានី-ខេត្តដែលជាសមត្ថកិច្ច ដើម្បីណែនាំអនុវត្តវិធានការបច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ។
យោងតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល ជនណាដែលបានប្រព្រឹត្ត ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលឹចទឹកដោយចេតនា ត្រូវផ្ដន្ទាទោសក្រោម បទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ឬពី ៣ឆ្នាំ ទៅ ៥ឆ្នាំ។
ដោយឡែកតាមមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិបានចែងថា ការបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ និងផាកពិន័យជាប្រាក់ពី ១៥លានរៀល ដល់ ១៥០លានរៀល៕