ម៉៉ាឡេស៊ី៖ រដ្ឋមន្រ្តីក្រសួងយុវជន និងកីឡា លោកស្រី Hannah Yeoh បានចេញមុខបកស្រាយ ជុំវិញការទុកកៅអីទំនេរប្រមាណ ២១,០០០ កៅអីចោលនៅកីឡដ្ឋាន Bukit Jalil អំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFF Championship ២០២២ រវាងម៉ាឡេស៊ី ប្រកួតជាមួយថៃ នាល្ងាចថ្ងៃទី០៧ ខែមករានេះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន រដ្ឋមន្រ្តីក្រសួងយុវជន និងកីឡា បានបញ្ជាក់ថា មូលហេតុដែលចាំបាច់ទុកចន្លោះកៅអីទំនេរជាង ២ម៉ឺនកៅអីនេះ ដោយសារតែការរៀបចំនូវវេទិការប្រគំតន្រ្តីអន្តរជាតិមួយ ដែលបានកក់ទុកតាំងពីខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ។ លោកស្រីបានបញ្ជាក់ថា កីឡដ្ឋាននេះត្រូវបានកក់សម្រាប់ការរៀបចំការប្រគុំតន្រ្តីដោយតារាចំរៀង Jay Chou ដែលជាការប្រគុំតន្ត្រីខ្នាតធំ ដែលលោកស្រីបានទទួលការជូនដំណឹងថា ការរៀបចំជាមុននឹងធ្វើឡើងរយៈពេល ១៤ថ្ងៃ និងមានក្រុមការងាររៀបចំ ៥០០នាក់ និងមានក្រុមការងារអន្តរជាតិ ១៨៥បានធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីដើម្បីរៀបចំការប្រគុំតន្រ្តីនេះ។
តាមការអះអាងរបស់លោកស្រី ការប្រកួតបាល់ទាត់អន្តរជាតិនេះ រួមជាមួយការប្រគុំតន្រ្តីសុទ្ធតែមានមូលដ្ឋាននៃការគាំទ្រខ្លាំងដូចគ្នានៅម៉ាឡេស៊ី។ លោកស្រីបានថ្លែងថា លោកស្រីសូមសម្តែងការគាំទ្រដូចគ្នាទាំងការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិនាថ្ងៃសៅរ៍នេះ រួមទាំងការប្រគុំតន្រ្តីដែលបានកក់ទុកទីតាំងនេះតាំងពីយូរមកហើយ។ លោកស្រីសង្ឃឹមថា អ្នកគាំទ្របាល់ទាត់ទាំងអស់នឹងយោគយល់ចំពោះស្ថានភាពនេះ។
គួរបញ្ជាក់ថា កៅអីចំនួន ២១,០០០ នៅកីឡដ្ឋាន Bukit Jalil ត្រូវបានបិទដោយសារមូលហេតុនៃការប្រគុំតន្ត្រី ខណៈអ្នកគាំទ្របាល់ទាត់បានលើកឡើងថា គួរតែមានការរុះរើឆាកចេញសិន សម្រាប់ការប្រកួត ខណៈក្រុមអ្នកគាំទ្រតារាចម្រៀង Jay Chou បានចេញមកបដិសេធ ដោយអះអាងថា ការប្រគុំតន្រ្តី Jay Chou នៅម៉ាឡេស៊ីនេះ មានការពន្យារពេល ៣ឆ្នាំទៅហើយដោយសារការរាត្បាតនៃវីរុសកូវីដ-១៩៕