ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានទម្លាយថា លោកទំនងជានឹងធ្វើការរុះរើក្បាលម៉ាស៊ីនរដ្ឋាភិបាលនារយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដោយសារប្រភពនយោបាយមួយចំនួនបានភ្នាល់លើការរៀបចំឡើងវិញដ៏សំខាន់ចុងក្រោយនៃរដ្ឋាភិបាលរបស់លោក ដើម្បីបញ្ចប់កម្មវិធីមុនការបោះឆ្នោតដែលនឹងធ្វើឡើងនៅឆ្នាំ២០២៤។
ការរំពឹងទុកអំពីការរុះរើក្បាលម៉ាស៊ីនដឹកនាំរដ្ឋភិបាលត្រូវបានកើនឡើងចាប់តាំងពីគណបក្ស Nasdem ដែលជាគណបក្សនយោបាយមួយក្នុងចំណោមគណបក្សនយោបាយចំនួនប្រាំពីរនៅក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចបានប្រកាសថា ខ្លួននឹងគាំទ្រអតីតអភិបាលក្រុងហ្សាកាតា (Jakarta) លោក អានី បាវ៉េដាន (Anie Baswedan) នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ខាងមុខនេះ។
សមាជិកមួយចំនួននៃគណបក្សលទ្ធិប្រជាធិបតេយ្យដើម្បីការតស៊ូ ដែលជាគណបក្សរបស់ប្រធានាធិបតីកំពុងកាន់អំណាច បានស្នើឱ្យលោក Widodo បណ្តេញសមាជិករដ្ឋាភិបាលដែលមកពីគណបក្ស Nasdem ចេញពីតំណែងផងដែរ។
នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរពីការរុះរើក្បាលម៉ាស៊ីនរដ្ឋាភិបាល លោក Joko Widodo បានបញ្ជាក់ថា លោកកំពុងមានផែនការរុះរើគណរដ្ឋមន្រ្តី ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ឡើយ ដោយលោកបាននិយាយថា អាចជាថ្ងៃចន្ទ អង្គារ ឬពុធ.....ខាងមុខ។
យ៉ាងណាក្តី បេក្ខភាពសមាជិកគណរដ្ឋមន្រ្តីដែលនឹងត្រូវរុះរើមិនត្រូវបានបង្ហាញឈ្មោះដោយប្រភពជិតស្និតនៅឡើយទេ ដោយផ្អែកលើហេតុផលរសើបមួយចំនួន។ សូមបញ្ជាក់ថា សមាជិកគណៈរដ្ឋមន្រ្តីដែលមកពីគណបក្ស Nasdem ក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Jokowi កំពុងកាន់អំណាចជារដ្ឋមន្រ្តីក្រសួងចំនួន ៣រួមមាន ក្រសួងកសិកម្ម, ក្រសួងទូរគមនាគមន៍ និងក្រសួងបរិស្ថាន៕