ថៃ៖ អាជ្ញាធរទេសចរណ៍ថៃបានប្រកាសថ្មីៗនេះថា រាល់អ្នកដំណើរទាំងអស់ដែលមកពីប្រទេសចិន មិនតម្រូវឱ្យមានការធ្វើតេស្តរកវីរុសកូវីដ-១៩មុននឹងចូលមកកាន់ប្រទេសថៃឡើយ ដែលវិធានការនេះជាផ្នែកមួយនៃការរំពឹងទុកថា វិស័យទេសចរណ៍ក្នុងប្រទេសនឹងមានសន្ទុះជួយដល់សេដ្ឋកិច្ចឡើងវិញ។
តាមប្រភពព័ត៌មានមួយចំនួនបានចុះផ្សាយថា តួលេខនៃការឆ្លងថ្មីនៃវីរុសកូវីដ-១៩ ក្នុងប្រទេសចិនមានការហក់ឡើងខ្ពស់ខ្លាំង ខណៈបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន ម៉ាឡេស៊ី និងឥណ្ឌាជាដើម បានតម្រូវឱ្យរាល់អ្នកដំណើរទាំងអស់ពីប្រទេសចិន ត្រូវធ្វើតេស្តស្វែងរកវីរុសកូវីដ-១៩ និងមានលទ្ធផលធ្វើតេស្តអវិជ្ជមានជាមុនសិន ទើបអាចចូលទៅកាន់ប្រទេសទាំងនោះបាន។
ដោយឡែក សម្រាប់ប្រទេសថៃដែលជាគោលដៅទេសចរណ៍ដ៏ធំរបស់ចិនកន្លងមកបានបញ្ជាក់ថា ប្រទេសទាំងអស់គួរតែទទួលបានការស្វាគមន៍ដូចៗគ្នា។ លោក អានុទិន ចាន់វិរៈគុល (Anutin Charnvirakul) បាននិយាយក្រោយកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងសុខភាពសាធារណៈ ជាមួយក្រសួងទេសចរណ៍ និងដឹកជញ្ជូនថា៖ "ប្រទេសថៃមិនត្រូវការលទ្ធផលធ្វើតេស្តកូវីដ-១៩ ពីបណ្តាប្រទេសណាមួយឡើយ។ នេះគឺជាឱកាសដើម្បីស្តារស្ថានភាពសេដ្ឋកិច្ច និងធ្វើការជួសជុលសងនូវអ្វីដែលវិស័យទេសចរណ៍ថៃបានខូចខាតក្នុងរយៈពេលជាង ៣ឆ្នាំកន្លងទៅ"។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ចិន គឺជាប្រភពភ្ញៀវទេសចរណ៍ធំបំផុតរបស់ថៃមុនការផ្ទុះឡើងនូវវីរុសរាតត្បាតសកលកូវីដ-១៩ ជាមួយតួលេខភ្ញៀវទេសចរណ៍ចិន ធ្វើដំណើរមកកាន់ប្រទេសថៃមានចំនួនជាង ១១លាននាក់កាលពីឆ្នាំ២០១៩។ ថៃបានព្យាករណ៍ចំនួនភ្ញៀវទេសចរណ៍ប្រមាណ ២០លាននាក់ដែលនឹងធ្វើដំណើរកម្សាន្តនាប្រទេសខ្លួននាឆ្នាំ២០២៣នេះ ខណៈវត្តមានភ្ញៀវជនជាតិចិន ថៃរំពឹងថាចំនួនអ្នកទេសចរណ៍អាចឡើងបានដល់ ២៥លាននាក់៕