លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

កញ្ញា ហង្ស ម៉ានីតា តំណាងកម្ពុជាចូលរួមប្រកួតបវរកញ្ញាចក្រវាល២០២២

ភ្នំពេញ៖ ក្នុងខែមិថុនា ឆ្នាំ២០២២ កម្ពុជារកបានអ្នកគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា គឺកញ្ញា ហង្ស ម៉ានីតា ដែលមានវ័យ ២៤ឆ្នាំ ធ្វើជាបវរកញ្ញាតំណាងឱ្យកម្ពុជាទៅចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី៧១ ដែលធ្វើឡើងនៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

កញ្ញា ម៉ានីតា មានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិបារាំងបានឱ្យដឹងថា កញ្ញាប្រឡូកចូលក្នុងវិស័យបវរកញ្ញានេះបន្តវេនពីម្តាយ និងប្អូនស្រីកញ្ញាដែលធ្លាប់បានចូលរួមប្រកួតបវរកញ្ញាផងដែរកាលពីកន្លងមក។ មុនឈានដល់ការប្រកួតដណ្តើមតំណែងបវរកញ្ញាចក្រវាលកម្ពុជា កញ្ញា ម៉ានីតា បានចូលប្រឡូកក្នុងកម្មវិធីប្រកួតតូចៗ និងធ្វើការជាតារាបង្ហាញម៉ូតប្រមាណ៥ ទៅ៦ឆ្នាំ។

ម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ កូនកាត់បារំាងរូបនេះបានបញ្ជាក់ថា ដំណើរនៃតំណែងបវរកញ្ញាចក្រវាលរបស់ខ្លួននេះពិតជាទទួលបានផលប្រយោជន៍ច្រើន ហើយកញ្ញាក៏សង្ឃឹមថានឹងប្រើប្រាស់វេទិកានោះ ដើម្បីចូលរួមចំណែកកាន់តែច្រើនក្នុងបុព្វហេតុតស៊ូមតិរបស់យុវជន ជាពិសេសកញ្ញាចង់លើកទឹកចិត្តយុវជនឱ្យខិតខំរៀនសូត្រ ព្រោះកញ្ញាមើលឃើញថាការអប់រំពិតជាសំខាន់សម្រាប់អនាគតរបស់ពួកគេ។

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ដែលមានស្រុកកំណើតនៅភ្នំពេញរូបនេះបានប្រាប់ EAC News ថា៖ «ការតស៊ូមតិរបស់ខ្ញុំដើម្បីយុវជន មានន័យថា ខ្ញុំពិតជាចង់ឱ្យយុវជនជំនាន់ក្រោយដឹងថា ការអប់រំគឺជារឿងសំខាន់សម្រាប់ពួកគេ។ មិនថាមាន ឬក្រ វាពិតជាសំខាន់ណាស់ក្នុងការផ្តោតលើការអប់រំ អាចនឹងពិបាកនៅពេលដែលអ្នកនៅតូច តែគ្រាន់តែបន្តទៅ [ឆ្លងកាត់វាពីមួយថ្ងៃទៅមួយថ្ងៃ]។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកចាស់ទៅ ហើយអ្នកបានបញ្ចប់ការសិក្សា វាពិតជាសំខាន់ណាស់ ព្រោះមានន័យថាអ្នកមានអនាគត ដែលអ្នកកាន់តែប្រសើរឡើង»។

កញ្ញាបន្ថែមថា វាជារឿងសំខាន់ណាស់សម្រាប់យុវជនក្នុងការក្រោកឡើងនិយាយដោយខ្លួនឯង និងទទួលយកអ្វីដែលជាខ្លួនឯងផងដែរ។

កញ្ញា ម៉ានីតា បាននិយាយថា៖ «ខ្ញុំចង់ឱ្យយុវជន និងស្ត្រីរបស់យើងដឹងថាសំឡេងរបស់ពួកគេសំខាន់។ វាពិតជាសំខាន់សម្រាប់ពួកគេក្នុងការដឹងថាយើងទាំងអស់គ្នាមានមតិខុសគ្នា ហើយអ្នកខ្លះប្រហែលជាមិនគាំទ្រយើងទេ ប៉ុន្តែវាមិនអីទេ។ នោះជាគំនិតរបស់អ្នក នោះជាខ្លួនឯង ហើយអ្នកក៏គួរឲ្យតម្លៃខ្លួនឯងផងដែរ។ ដូច្នេះនិយាយដោយខ្លួនឯង ហើយទោះបីជាអ្វីដែលអ្នកគិត អាចមិនត្រូវបានគាំទ្រដោយអ្នកគ្រប់គ្នា តែគ្រាន់តែដឹងថា នោះគឺជាអ្នក។ គ្រាន់តែស្រឡាញ់វា គ្រាន់តែទទួលស្គាល់ពីវា» ។

ប្រធានស្ថាប័នបវរកញ្ញាចក្រវាលកម្ពុជា លោក រ៉ូម៊ី លីប៉ូ អូន (Romyr Libo-on) បាននិយាយថា លោកបានចាប់ផ្តើមទីភ្នាក់ងារ អារ៊ីស (Arise) ក្នុងឆ្នាំ២០១៦ ហើយកំពុងស្វែងរកគម្រោងដើម្បីធ្វើការ នៅពេលដែលកម្មវិធីបវរកញ្ញាចក្រវាលបានចូលមកដល់។ លោកថា ការប្រកួតនេះជាឱកាសដ៏ល្អសម្រាប់ទីភ្នាក់ងាររបស់លោកក្នុងការរៀបចំការប្រកួតថ្នាក់ជាតិលើកដំបូងដែលយកអ្នកឈ្នះទៅប្រកួតជាអន្តរជាតិ។ ជាមួយគ្នានេះ លោកបានចែករំលែកថាក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ លោកបានធ្វើការពីចម្ងាយដើម្បីសម្របសម្រួលបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១។

ទោះបីជាមានបញ្ហាប្រឈមទាំងអស់ក៏ដោយ លោក លីប៉ូ អូន ជឿជាក់លើវេទិកាបវរកញ្ញាចក្រវាលកម្ពុជា ដោយសារតែលោករំភើបសប្បាយចិត្តនៅពេលឃើញក្មេងស្រីធ្វើកិច្ចការសប្បុរសធម៌ និងរួមចំណែកដល់សង្គម។

លោកបានមានប្រសាសន៍ថា៖ «មានរឿងជាច្រើនដែលយើងធ្វើទាំងមុន និងក្រោយការប្រលង ជាពិសេស ទាក់ទងនឹងការងារសប្បុរសធម៌ និងការតស៊ូមតិ។ យើងពិតជាចង់ធ្វើឱ្យក្មេងស្រីមានអារម្មណ៍ថាមានតម្លៃ។ នៅពេលដែលពួកគេចូលរួមកម្មវិធី បវរកញ្ញាចក្រវាលកម្ពុជា វាមិនមែនសម្រាប់តែកម្មវិធីប្រកួតសម្រស់ប៉ុណ្ណោះទេ គឺពួកគេប្រកាន់ជំហរចូលរួមចំណែកយ៉ាងសំខាន់ក្នុងសង្គម នោះហើយជាអ្វីដែលជំរុញឱ្យពួកយើងបន្តទៅមុខទៀត»។

កញ្ញា ហង្ស ម៉ានីតា ទើបតែបានចាកចេញពីកម្ពុជានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ធ្វើដំណើរទៅទីក្រុង New Orleans ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីប្រកួតនាពេលខាងមុខ។ កញ្ញាបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលមកទល់ពេលនេះ កញ្ញាបានទៅវត្ត និងចូលរួមកម្មវិធីនានារបស់ខ្មែរ ខណៈពេលដែលកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំ។

គួរឱ្យដឹងដែរថា បវរកញ្ញាចក្រវាឡ មិនមែនគ្រាន់តែជាការបង្ហាញខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏និយាយអំពីភាពស្មោះត្រង់ផងដែរ។ បវរកញ្ញាចក្រវាលរបស់កម្ពុជាផ្ទាល់នឹងឡើងទៅកាន់ឆាកអន្តរជាតិ ហើយសង្ឃឹមថានឹងផ្តល់ការចាប់អារម្មណ៍លើព្រះរាជាណាចក្រកម្ពុជាក្នុងផ្លូវវិជ្ជមាន។

EAC News សូមជូនពរ Manita Hang ជួបតែសំណាងល្អក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី៧១។

សូមរង់ចាំស្តាប់បទសម្ភាសន៍ទាំងស្រុងជាមួយ Miss Universe Cambodia៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក