ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កីឡាករ-កីឡាការិនីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មុនចូលរួមការប្រកួតកីឡា ឬហ្វឹកហាត់កីឡានានា គឺចាំបាច់ណាស់ត្រូវមានការឆ្លងកាត់ការធ្វើតេស្តរកសារធាតុញៀនជាមុនសិន។ ប្រសិនរកឃើញថាវិជ្ជមាន នោះមិនអនុញ្ញាតឱ្យចូលរួមប្រកួត ឬហ្វឹកហាត់ឡើយ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅសាលាវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី០៥ ខែមករា សម្តេចក្រឡាហោមបានប្រាប់ទៅលោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវចាត់ទុកការធ្វើតេស្តរកសារធាតុញៀនគឺជាការចាំបាច់ដែលមិនអាចខានបានឡើយ។
សម្តេចក្រឡាហោមបានមានប្រសាសន៍ថា៖ «កាលណាយើងខកខានមិនបានធ្វើតេស្ដសារធាតុញៀន គឺមិនទាន់មានសិទ្ធិចូលរួមប្រកួតប្រជែងបានទេ។ អ៊ីចឹងមុនចូលរួមប្រកួត ចាំបាច់ត្រូវតែមានការបញ្ជាក់អំពីការធ្វើតេស្ដសារធាតុញៀនជាមុនសិន បើអវិជ្ជមាន បានអនុញ្ញាតឱ្យចូលប្រកួត និងហ្វឹកហាត់ ប៉ុន្ដែបើវិជ្ជមាន គឺមិនអនុញ្ញាត ហើយក៏មិនអនុញ្ញាតឱ្យនៅក្នុងកីឡាក្រសួងមហាផ្ទៃផងដែរ»។
សម្តេចក្រឡាហោម បន្តថា ការអនុវត្តកិច្ចការដ៏ចំាបាច់នេះ ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីនគរបាលមុននឹងប្រឡងចូលក្របខណ្ឌមន្ត្រីនគរបាលជាតិគឺសុទ្ធតែត្រូវឆ្លងកាត់ការធ្វើតេស្តរកសារញៀនសិនផងដែរ ទើបអាចចូលបម្រើការងារបាន។
សម្តេចក្រឡាហោម បានអំពាវនាវឱ្យកីឡាករ និងកីឡាការិនី ជៀសវាងឱ្យដាច់ខាតនូវការប្រព្រឹត្តិអំពើមិនគប្បីផ្សេងៗ និងជៀសវាងការប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏បានណែនាំ ឱ្យកីឡាករ កីឡាការិនី ត្រូវបន្តខិតខំប្រឹងប្រែងដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កន្លងមកក៏ធ្លាប់បានដាស់តឿនទៅកីឡាករ កីឡាការិនីកម្ពុជាដែលទៅចូលរួមប្រកួតកីឡានានានៅក្រៅប្រទេស មិនត្រូវប្រើប្រាស់សារធាតុញៀនសម្រាប់បំប៉នជំនួយរាងកាយ និងលើកកម្លាំងដើម្បីចូលរួមប្រកួតឡើយ។
សម្តេចតេជោបានមានប្រសាសន៍បែបនេះទៅកីឡាករកម្ពុជាទាំងអស់ មិនត្រូវយកកិត្តិយស និងសេចក្តីថ្លៃថ្លូរទៅឱ្យគេមើលងាយលើឆាកអន្តរជាតិតាមរយៈការប្រើប្រាស់សារធាតុញៀនសម្រាប់ជំនួយក្នុងការប្រកួតកីឡានានាឡើយ។
គូសរំលឹកថា កាលពីប្រកួតកីឡាក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ លើកទី៣ ក្នុងឆ្នាំ២០២២ អត្តពលិកនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃទទួលបានមេដាយសរុបចំនួន ២១១គ្រឿង ដោយមេដាយមាស ១០៣គ្រឿង មេដាយប្រាក់ ៥៨គ្រឿង និងមេដាយសំរឹទ្ធ ៥០គ្រឿង៕