វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ហេតុអ្វីត្រូវអបអរសាទរទិវាជ័យជម្នះ ៧ មករា?

ភ្នំពេញ៖ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ គឺជាខួប ៤៤ឆ្នាំនៃជ័យជម្នះរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម និងបានគ្រប់គ្រងប្រទេសតាំងពីពេលនោះមក។ រយៈពេល ៤៤ឆ្នាំហើយដែលថ្ងៃជ័យជម្នះនេះត្រូវចារទុកជាប្រវត្តិសាស្ត្រ និងត្រូវបានអបអរសាទរទូទាំងប្រទេសផងដែរនៅពេលដែលឈានដល់ថ្ងៃទី៧ មករា។

ហេតុអ្វីត្រូវអបអរសាទរទិវាជ័យជម្នះ ៧ មករា?

បន្ទាប់ពីមានការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសេនាប្រមុខ លន់ នល់ កម្ពុជាបានធ្លាក់ក្នុងសង្គ្រាមដែលខាងសេនាប្រមុខ លន់ នល់ ថាជាការវាយប្រហារបណ្ដេញយៀកកុងចេញពីប្រទេស និងម្ខាងជាការវាយប្រហារដោយខ្មែរក្រហមលើរដ្ឋាភិបាល លន់ នល់ ដើម្បីយកអំណាច។ សង្គ្រាមបានឆេះកាន់តែខ្លាំងក្រោយពីសម្ដេចព្រះ នរោត្តម សីហនុ អំពាវនាវឱ្យប្រជាជនដែលគោរពស្រលាញ់ព្រះចូលព្រៃតស៊ូវាយរំលំ លន់ នល់។ ការចូលព្រៃពេលនោះគឺមានតែក្រុមខ្មែរក្រហមប៉ុណ្ណោះដែលធ្វើឱ្យកម្លាំងខ្មែរក្រហមកាន់តែខ្លាំង និងបានវាយរំលំរបប លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ពេលនោះប្រជាជនកម្ពុជាសង្ឃឹមថា កម្ពុជាមានសុខសន្ដិភាព ដែលអាចផ្ដើមកសាងប្រទេសសាជាថ្មី ប៉ុន្ដែបងធំទី១ នៃខ្មែរក្រហម ប៉ុល ពត បានដឹកនាំប្រទេសដោយអនុវត្តនយោបាយកុំម្មុយនីស្តផ្ដាច់ការ សម្លាប់ជាតិសាសន៍ខ្លួន ដែលពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។

៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់ ប៉ុល ពត បានបាត់អស់នូវសិទ្ធិសេរីភាព ធ្វើការដូចទាសករ រស់នៅក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃ។ ស្នាដៃ ប៉ុល ពត បានផ្ដាច់ជីវិតប្រជាជនដែលជាឈាមឯងអស់ជាង ២លាននាក់។

របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិបង្ហាញក្នុងមហាសន្និបាតក្រុមប្រឹក្សាសន្ដិសុខនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៩៩ បានសន្និដ្ឋានថា ក្រុមខ្មែរក្រហមពិតជាបានប្រព្រឹត្តិឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមែន តាមច្បាប់អន្តរជាតិ និងច្បាប់កម្ពុជា ហើយថែមទាំងមានភស្ភុតាង និងសាក្សីគ្រប់គ្រាន់ដើម្បីចោទប្រកាន់មេដឹកនាំខ្មែរក្រហមផងដែរ។

ក្នុងរបាយការណ៍នោះបញ្ជាក់ថា៖ «ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តិឡើងដោយពួកមេដឹកនាំខ្មែរក្រហមនៅក្នុងរយៈពេលពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ រួមមាន ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ការបង្ខំឱ្យធ្វើការធ្ងន់ ទារុណកម្ម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលត្រូវបានការពារជាអន្តរជាតិ ក៏ដូចជាឧក្រិដ្ឋកម្មនានាដែលមានចែងនៅក្នុងច្បាប់កម្ពុជាដែរ»

ដោយសារហេតុនេះហើយទើបយើងឃើញមានសាលាក្ដីខ្មែរក្រហមក្នុងឆ្នាំ២០០៦ ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបនេះ ហើយសាលាក្ដីនេះទើបតែបញ្ចប់ការងាររបស់ខ្លួននៅចុងឆ្នាំ២០២២ កន្លងទៅ។

នេះបង្ហាញការវាយផ្ដួលរំលំខ្មែរក្រហមពីការកាន់អំណាចគឺជារឿងត្រឹមត្រូវបំផុតសម្រាប់កម្ពុជា និងពិភពលោក។ ពិតណាស់ បើគ្មានថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នោះទេ ប្រជាជនកម្ពុជានឹងត្រូវខ្មែរក្រហមសម្លាប់រកទីបញ្ចប់គ្មានឡើយ។

ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មពោធិ៍សាល ជា ស៊ីម និងឥស្សរជនចំនួន ១១រូបទៀត ដោយមានការគាំទ្រពីទ័ពវៀតណាម បានវាយផ្ដួលរំលំខ្មែរក្រហមចូលដល់រាជធានីនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ បំផ្លាញរដ្ឋបាលខ្មែរក្រហមដែលនាំឱ្យកម្ពុជាឃើញពន្លឺសន្ដិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ការអបអរសាទរទិវាជ័យជម្នះ ៧ មករា ពិតជាមានសារៈសំខាន់ណាស់ដល់កម្ពុជាដើម្បីរម្លឹកប្រជាជនខ្មែរពីភាពសាហាវយង់ឃ្នងរបស់ខ្មែរក្រហមការពារកុំឱ្យរបបនេះត្រលប់វិញ ជាមួយគ្នានេះក៏ជាការដឹងគុណដល់ការលះបង់មេដឹកនាំដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រជាជនចេញពីរបបខ្មៅងងឹតនេះ។ ក្រៅពីបានជួយជីវិតពលរដ្ឋខ្មែរកាលពីជំនាន់នោះ ថ្ងៃ៧ ខែមករា នេះក៏ជាអំណរសម្រាប់ប្រជាជនខ្មែរទាំងប្រុសស្រីនាពេលបច្ចុប្បន្នដែលបានស្គាល់នូវពាក្យថាសិទ្ធិមនុស្ស អាចប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនដោយគ្មានការភ័យខ្លាច និងត្រូវបានការពារ។

កម្ពុជាបានធ្វើដំណើរពីរបបកុម្មុយនីស្តផ្ដាច់ការមកកាន់ប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ទីផ្សារសេរី ហើយមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះគឺដោយសារជ័យជម្នះ ៧ មករា នេះហើយ។

ដូច្នេះការអបអរសាទរទិវាជ័យជម្នះ ៧ មករា គឺជារឿងដែលត្រឹមត្រូវ ដែលពលរដ្ឋខ្មែរគ្រប់រូបគួរតែមានអំណរនិងរីករាយនៅថ្ងៃនេះ៕ 

រាយការណ៍បន្ថែមដោយ Saroeun Phallika By Hun Sirivadh


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក