ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី រួមទាំងក្រុមគ្រួសារស.ស.យ.ក នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញមកកាន់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីគោរពវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបសម័យ ប៉ុល ពត។
ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ លោក ហ៊ុន ម៉ានី ដែលមានអ្នក Follow ជាង ៣០ម៉ឺននាក់ បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងនោះមានរូបថតលោក ហ៊ុន ម៉ានី ដែលបានស្រក់ទឹកភ្នែក។ លោកបានរៀបរាប់ទាំងមានក្តីសោកសៅដូច្នេះថា៖ «ទោះបីពួកយើងបានរស់នៅសុខសាន្តក្នុងសន្តិភាព ភាពសំបូរសប្បាយនាពេលបច្ចុប្បន្ន តែយើងមិនបានភ្លេច ហើយនឹងមិនបំភ្លេចអ្វី ដែលជាសោកនាដកម្ម និងដែលប្រទេសជាតិដ៏កំសត់ របស់យើងបានឆ្លងកាត់នោះដែរ»។
ប្រធានស.ស.យ.ក បន្តថា ស្មារតីនៃការចងចាំ និងភាពឈឺចាប់ក្នុងអតីតកាល បានបង្រៀនឱ្យពលរដ្ឋមានស្មារតីរួមគ្នាដើម្បីបញ្ជៀសកុំឱ្យសោកនាដកម្មនេះកើតឡើងសាជាថ្មី។
លោកថ្លែងថា៖ «មេរៀននេះក៏បានឆ្លុះបញ្ចាំងពីស្មារតីនៃក្តីសង្ឃឹមមួយ ដែលបានប្រែក្លាយទៅជាកម្លាំងដ៏មហិមាក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ រហូតបានជ័យជម្នះក្នុងថ្ងៃ ៧ មករា ១៩៧៩»។
គូសបញ្ជាក់ថា សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ជារៀងរាល់ឆ្នាំតែងតែមកជួបជុំគ្នានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបយង់ឃ្នង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
សូមរំលឹកថា យោងតាមឯកសារស្រាវជ្រាវ នៅសារមន្ទីរជាតិជើងឯក រឺមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រពីរាជធានីភ្នំពេញមានប្រជាពលរដ្ឋបានបាត់បង់ជីវិតប្រមាណ ២ម៉ឺននាក់ក្រោមអំពើដ៏ឃោរឃៅពីរបបខ្មៅងងឹត ប៉ុល ពត៕