
សម្តេចព្រះមហាក្សត្រីប្រទានសាររំលែកទុក្ខតារាចម្រៀងផ្នែកស្ត្រីមុនគេបង្អស់នៃកម្ពុជាដែលទទួលមរណភាពក្នុងអាយុ ៨៨ឆ្នាំ
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ ទៅដល់ក្រុមគ្រួសារតារាចម្រៀងផ្នែកស្ត្រីមុនគេបង្អស់នៃកម្ពុជា លោកស្រី ម៉ារីយ៉ា ប៉ូឡែត និងជាម្ចាស់បទ «ចុងស្រល់» និងបទ «សំបុត្រក្រោមខ្នើយ» ដែលទទួលមរណភាពកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ក្នុងអាយុ ៨៨ឆ្នាំ នៅភ្នំពេញ។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរមានព្រះបន្ទូលក្នុងព្រះរាជសារ៖ «ខ្ញុំ ចងចាំជានិច្ចនូវភាពស្មោះត្រង់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឪពុក និងលោកជំទាវមាតា ដែលជាអ្នកស្នេហា ជាតិ បានដង្ហែបំរើ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងខ្ញុំ រហូតដល់ជីវិតចុងក្រោយរបស់លោកទាំងពីរ»។
គួរឱ្យដឹងដែលថាលោកស្រី ម៉ារីយ៉ា ប៉ូទ្បែត ជាតារាចម្រៀងផ្នែកស្ត្រីមុនគេបង្អស់នៃកម្ពុជា ទទួលមរណភាពកាលពីថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥និង៣៥នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ នៅភ្នំពេញ ដោយជរាពាធ។
លោកស្រី ម៉ារីយ៉ា ប៉ូឡែត ជាវរសិល្បកររៀមច្បងផ្នែកចម្រៀងសម័យទំនើបជំនាន់ទី១នៃកម្ពុជា ខណៈដែលសិល្បករសិល្បការិនីផ្នែកចម្រៀងជាច្រើនក្នុងសម័យយុគមាសនៅសេសសល់តិចតួចបំផុត។ លោកស្រីមាននាមក្នុងសិល្បៈថា សាវត្តី និង ជាអ្នកចម្រៀងសម័យផ្នែកស្រ្តីមុនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលល្បីល្បាញតាំងពីដើមទស្សវត្ស១៩៥០៕