ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខដល់លោកទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ចំពោះមរណភាពភរិយារបស់លោកនៅជន្មាយុ៧២ឆ្នាំដោយសាររោគាពាធនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកស្រី ញាណធាន ណារី ដែលត្រូវជាភរិយារបស់លោក វ៉ា គឹមហុង ដូច្នេះថា៖ «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមសម្ដែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ដ៏ធំធេងក្នុងគ្រួសាររបស់ឯកឧត្តម នាពេលនេះ»។
សម្តេចតេជោបានរៀបរាប់ទាំងក្តីក្រៀមក្រំថា ពេញមួយឆាកជីវិតរបស់លោកស្រី ញាណធាន ណារី បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានមាន បុត្រធីតារហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
សម្តេចបន្តលើកឡើងថា៖ «ទោះបីរូបកាយរបស់លោកជំទាវបានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។ ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ញាណធាន ណារី សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តមទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា»៕