
អាជ្ញាធរជាតិអប្សរាតម្រូវឱ្យមានការស្នើសុំជាមុន ចំពោះការប្រើប្រាស់ប្រភេទកាមេរ៉ាដែលដាក់បំរាមនៅតំបន់អង្គរ
សៀមរាប៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបញ្ចាក់ថា ត្រូវតែមានការស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធជាមុនចំពោះប្រភេទកាម៉េរាដែលត្រូវបានដាក់បំរាមមិនឱ្យប្រើប្រាស់នៅតំបន់រម្មណីយដ្ឋានអង្គរ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានប្រាប់ EAC NEWS ថាត្រូវតែមានការស្នើសុំ មុននឹងមានការប្រើប្រាស់ដ្រូន និងប្រភេទកាមេរ៉ា ៣៦០ និង១៨០ដឺក្រេ ហើយក៏មានការត្រួតពិនិត្យខ្លឹមសារនិងគោលបំណងនៃការប្រើប្រាស់រូបភាពទាំងនោះក្នុងតំបន់អង្គរ ខណៈកន្លងមកមានការផ្សព្វផ្សាយរូបភាពមិនល្អមួយចំនួនពីអង្គរវត្តដែលនាំមានការរិះគន់ផ្សេងៗលើបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់អត្ថន័យនៃអង្គរវត្ត និងការអនុវត្តកិច្ចការអាជ្ញាធរជាតិអប្សរា។
លោកថា៖ «យើងសំណូមពរឱ្យគាត់ដាក់លិខិតស្នើសុំការអនុញ្ញាតមកថតហើយយើងពិនិត្យមើលទៅលើខ្លឹមសារនៃការប្រើប្រាស់រូបភាពរបស់គាត់ ប្រសិនជាបើការប្រើប្រាស់រូបភាពរបស់គាត់យើងទទួលយកបាន ហើយយើងចាត់ទុកជារូបថតផ្សព្វផ្សាយទេសចរណ៍ ផ្សព្វផ្សាយវប្បធម៌ ហ្នឹងយើងអនុញ្ញាតជូនគាត់»
ដោយឡែកឆ្លើយតបនឹងការលើកឡើងរបស់មហាជនដែលថា បំរាមនេះរារាំងមិនឱ្យមានផ្សព្វផ្សាយទៅដល់ទេសចរជាតិនិងអន្តរជាតិនោះ អ្នកនាំពាក្យរូបនេះបានបញ្ចាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមទាំងអាជ្ញាធរជាតិអប្សរា បានធ្លាប់បានធ្វើការ និងបន្តធ្វើការជាមួយស្ថាប័នផ្សព្វផ្សាយអន្តរជាតិធំៗក្នុងកិច្ចការផ្សព្វផ្សាយដើម្បីឱ្យពិភពលោកបានស្គាល់ប្រាសាទអង្គរវត្ត។
គួរបញ្ចាក់ឱ្យដឹងដែរថា កន្លងមកអាជ្ញាធរជាតិអប្សរាក៏ធ្លាប់បាន ជូនដំណឹងដល់អ្នកដែលចង់ថតវីដេអូផ្សាយបន្តផ្ទាល់ អំពីប្រវត្តិប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ត្រូវដាក់សំណើរសុំមកអាជ្ញាធរជាមុនសិនផងដែរ៕