អេស្ប៉ាញ៖ កីឡាការិនីអុកជនជាតិអ៉ីរ៉ង់ម្នាក់បានធ្វើដំណើរទៅដល់ទឹកដីអេស្ប៉ាញ បន្ទាប់ពីនាងបានអះអាងថាប្រភពជិតស្និទបានឱ្យដឹងថា នាងមិនគួរត្រឡប់ចូលទៅកាន់ប្រទេសរបស់ខ្លួនវិញទេ បន្ទាប់ពីនាងបានចូលរួមកម្មវិធីប្រកួតអុកចត្រង្គមួយដោយមិនបានពាក់ហ៊ីចាប់ (Hijab) ក្នុងការប្រកួតមួយនៅឯប្រទេសកាហ្សាក់ស្ថាន។
នាង សារ៉ា ខាដឹម (Sara Khadem) វ័យ២៥ឆ្នាំ បានចូលរួមការប្រកួតអន្តរជាតិ FIDE World Rapid and Blitz Chess Championships នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ដោយមិនបានពាក់ហ៊ីចាប់ ដែលជាក្រណាត់ទទូលគ្របក្បាលជាប្រពៃណីយ៉ាងតឹងរ៉ឹងសម្រាប់ស្រ្តីអ៉ីរ៉ង់។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះដោយសារមូលហេតុសុវត្ថិភាពបានបញ្ជាក់ថា នាង Khadem បានទទួលទូរសព្ទជាច្រើនខ្សែដែលខ្លះបានព្រមាននាងមុនកុំឱ្យចូលមកកាន់ប្រទេសវិញក្រោយចូលរួមការប្រកួតដោយមិនទទូលហ៊ីចាប់ ប៉ុន្តែមានទូរសព្ទខ្លះប្រាប់នាងឱ្យត្រឡប់មកអ៉ីរ៉ង់វិញចុះ និងបានសន្យាដោះស្រាយបញ្ហាទាំងឡាយរបស់នាង។
ប្រភពដដែលបានបញ្ជាក់ថា គ្រួសារ និងសាច់ញាតិរបស់នាង Sara Khadem ដែលកំពុងរស់នៅប្រទេសអ៉ីរ៉ង់ ក៏កំពុងរងការគំរាមកំហែងផងដែរ ដោយមិនបានបញ្ជាក់ពីព័ត៌មាននានាបន្ថែមឡើយ។
ក្រសួងការបរទេសអ៉ីរ៉ង់ រួមទាំងនាង Sara Khadem ដែលមានឈ្មោះពេញថា Sarasadat Khademalsharieh មិនមានការបកស្រាយណាមួយឡើយ ជាពិសេសក្រោយពេលនាងបានទៅដល់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារ។ ប៉ុន្តែបើតាមប្រភពពីសារព័ត៌មានអេស្ប៉ាញនានាបានបញ្ជាក់ថា នាង Khadem នឹងមិនត្រឡប់ទៅអ៉ឺរ៉ង់ឡើយ ដោយនឹងស្នាក់នៅប្រទេសអេស្ប៉ាញតែម្តង៕