ចិន៖ ក្រុមហ៊ុន ByteDance ជាក្រុមហ៊ុនមេរបស់កម្មវិធីកម្សាន្ត TikTok នៅចុងឆ្នាំ២០២២នេះ បានសម្រេចធ្វើការជម្រុះចោលនូវបុគ្គលិករបស់ខ្លួននៅតាមបណ្តាផ្នែកនីមួយៗនៃទីស្នាក់ការកណ្តាល ដែលនេះគឺជាវិធានការមួយសម្រាប់ការកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់ដោយសារព័ត៌មានចិនធំមួយ។
ការកាត់បន្ថយបុគ្គលិកនេះត្រូវធ្វើជាដំបូងគេនៅក្រុមហ៊ុន Douyin ដែលជាកម្មវិធីដូចគ្នាទៅនឹង TikTok ដែរ ប៉ុន្តែបើកឱ្យប្រើប្រាស់បានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ កម្មវិធី Douyin មានអ្នកប្រើប្រាស់ប្រចាំថ្ងៃប្រមាណ ៦០០លាននាក់ ស្របពេលដែលក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយបុគ្គលិកនៅផ្នែកហ្គេម និងអចលនវត្ថុដូចគ្នា។
យ៉ាងណាក្តី ការកាត់បន្ថយបុគ្គលិកប៉ុន្មានរយនាក់នេះ ត្រូវបានសារព័ត៌មានបញ្ជាក់ថា វាជាភាគរយតិចតួចប៉ុណ្ណោះ ប្រៀបនឹងចំនួនបុគ្គលិកសរុបទាំងអស់នៃក្រុមហ៊ុន ByteDance។ តាមទិន្នន័យមួយចំនួន ក្រុមហ៊ុន ByteDance មានបុគ្គលិកបម្រើការងារប្រមាណជា ១៣ម៉ឺននាក់ឯណោះ។
យ៉ាងណាមិញ ក្រុមហ៊ុន ByteDance ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងប៉េកាំង មិនមានការបំភ្លឺណាមួយពាក់ព័ន្ធនឹងការបញ្ឈប់បុគ្គលិកនេះទេ៕