ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់ខែជូនមន្ត្រីជាប់កិច្ចសន្យា ចាប់ពី៦៧ម៉ឺនរៀល ទៅ៧១ម៉ឺនរៀល។ បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចុះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ការដំឡើងប្រាក់កម្រៃប្រចាំខែជូនដល់មន្ត្រីជាប់កិច្ចសន្យានេះនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣តទៅ។
ក្នុងអនុក្រឹត្យបញ្ជាក់ថា ការដំឡើងប្រាក់កម្រៃ នឹងត្រូវអនុវត្តចំពោះមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យ លេខ២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា។
ក្រៅពីដំឡើងប្រាក់ខែមន្ត្រីជាប់កិច្ចសន្យា រាជរដ្ឋាភិបាលក៏បានដំឡើងប្រាក់ខែជូនដល់មន្ត្រីរាជការស៊ីវិលចំនួន ១ ៣០០ ០០០រៀល ដល់គ្រូបង្រៀន និងគ្រូពេទ្យចំនួន ១ ៤០០ ០០០រៀល។ សម្រាប់មន្ត្រីនគរបាល (ពលបាលតី្រ) នឹងត្រូវបានដំឡើងពីចំនួន ១ ២៥៦ ៩៧៧រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣៨៤ ៤៧៧ រៀល (ដោយគិតបញ្ចូលទាំង របបអង្ករ) ចាប់ពីខែមករា ឆ្នាំ២០២៣។
ដោយឡែកយោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួន ១ ១២៣ ៥០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ២៥១ ០០០រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣០៩ ៤៧៧រៀល ចាប់ពី ខែមករា ឆ្នាំ២០២៣។
គូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានកំណត់ថវិកាចំនួន ៥០ប៊ីលានរៀលសម្រាប់មូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងបានបន្តគ្រោងថវិកាចំនួន ៦ប៊ីនលានរៀលដើម្បីទ្រទ្រងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល៕