តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់ មានផែនការគ្រោងនឹងផ្តល់អំណោយជាសាច់ប្រាក់សុទ្ធប្រមាណជិត ២០០ដុល្លារអាមេរិកទៅដល់គ្រប់ប្រជាជនរបស់ខ្លួននៅក្នុងឆ្នាំនេះ។ នេះបើតាមការប្រកាសពីនាយករដ្ឋមន្រ្តីតៃវ៉ាន់ Su Tseng-chang កាលពីពេលថ្មីៗនេះ ដោយលោកលើកឡើងថា ការកើនឡើងនូវសេដ្ឋកិច្ចដែនកោះមួយនេះនឹងត្រូវចែករំលែកទៅប្រជាជនគ្រប់ៗគ្នា។
ខណៈពេលដែលកំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងថយចុះនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ រដ្ឋាភិបាលបានរៀបចំផែនការដើម្បីទាញយកចំណូលពន្ធបន្ថែមចំនួន ៣៨០ពាន់លានដុល្លារតៃវ៉ាន់ ស្មើនឹងប្រមាណ ១២.៤ពាន់លានដុល្លារអាមេរិកដែលរកបាននៅឆ្នាំមុនចូលទៅក្នុងកញ្ចប់សេដ្ឋកិច្ចឆ្នាំថ្មីជំនួសវិញ ដើម្បីការពារកុំឱ្យដែនកោះមួយនេះរងនូវផលប៉ះពាល់ខ្លាំងក្លាណាមួយពីវិបត្តិសេដ្ឋកិច្ចពិភពលោក។ កញ្ចប់ថវិកាដែលដាក់ចូលដោយរដ្ឋនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការចំណាយសំខាន់ៗមួយចំនួនដូចជា ការធានារ៉ាប់រងលើតម្លៃអគ្គិសនី ការធានារ៉ាប់រងលើពលកម្ម និងសុខាភិបាលសាធារណៈ។
លោកនាយករដ្ឋមន្រ្តី Su Tseng-chang បានបញ្ជាក់ថា ទំហំទឹកប្រាក់សរុបចំនួន ១៤០ពាន់លានដុល្លារតៃវ៉ាន់ ស្មើនឹងប្រមាណជា ៤,៥៦ពាន់លានដុល្លារអាមេរិក នឹងត្រូវចំណាយចែកជូនប្រជាជនតៃវ៉ាន់គ្រប់ៗគ្នា ដែលប្រជាជនម្នាក់នឹងទទួលបានលុយសុទ្ធចំនួន ៦,០០០ដុល្លារតៃវ៉ាន់ ឬជាង ១៩៥ដុល្លារអាមេរិក។
លោក Su បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ "ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនឹងត្រូវបានចែករំលែកដល់ប្រជាជនទាំងអស់ ពីប្រជាជនវ័យក្មេងៗ រហូតដល់ប្រជាជនមានវ័យចំណាស់។" យ៉ាងណាមិញ លោកបានបញ្ជាក់ថា ការផ្ទេរលុយជូនប្រជាជននឹងត្រូវរង់ចាំការអនុម័តពីសភាជាមុនសិន ដែលគណបក្សប្រជាធិបតេយ្យជាគណបក្សកំពុងកាន់អំណាចមានសំឡេងភាគច្រើន។
លោកបានបន្តទៀតថា៖ "យើងសូមជូនពរជ័យសម្រាប់ប្រជាជនទាំងអស់ក្នុងឱកាសឈប់សម្រាកចូលឆ្នាំថ្មីខាងមុខនេះ"។ ការលើកឡើងជាសាចុងក្រោយដែលលោកនាយករដ្ឋមន្រ្តីបានថ្លែងប្រាប់អ្នកសារព័ត៌មាន មុនការឈប់សំរាករយៈពេលវែងដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមករាខាងមុខនេះ៕