ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងអប់រំឈប់ទទួលពាក្យតវ៉ារឿងលទ្ធផលប្រឡងបាក់ឌុប ដោយអះអាងថាលទ្ធផលប្រឡងគឺសុក្រឹតភាព

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសឈប់ទទួលពាក្យតវ៉ាពីសិស្សានុសិស្សលើលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២ ត្រឹមនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ ក្រសួងបញ្ឈប់ទទួលពាក្យតវ៉ាពីសិស្សដោយសារតែក្រសួងបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ថា លទ្ធផលប្រឡងបាក់ឌុបបានប្រព្រឹត្តទៅដោយមានសុក្រឹតភាព និងភាពទទួលយកបាន។

តាំងពីលទ្ធផលប្រឡងបាក់ឌុបប្រកាសនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ មានសិស្សានុសិស្សមួយចំនួនបានមកដាក់ពាក្យតវ៉ានឹងលទ្ធផលរបស់ខ្លួននៅក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងបានអះអាងថា បេក្ខជនដែលដាក់ពាក្យតវ៉ាពាក់ព័ន្ធនឹងលទ្ធផលប្រឡង គឺក្រសួងបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើកិច្ចការរបស់បេក្ខជនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធ្វើយ៉ាងណាឱ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនមានការជឿទុកចិត្ត។

ក្រសួងបានបញ្ជាក់ថា ពាក្យតវ៉ាដែលក្រសួងទទួលបាន គឺក្រសួងត្រួតពិនិត្យឃើញថាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ គឺមិនមានការប្រែប្រួលទេ។

ក្រសួងបានថ្លែងដូច្នេះថា៖ «ឈរលើមូលដ្ឋាននេះ ក្រសួង សូមប្រកាសបញ្ចប់ការ ទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្ដីប្រកាស ព័ត៌មាននេះតទៅ»។

ក្រសួងអប់រំបានលើកទឹកចិត្តឱ្យបេក្ខជនដែលប្រឡងធ្លាក់ ឱ្យបន្តខិតខំរៀន សូត្របន្ត និងយកចិត្តទុកដាក់រៀនសូត្រពីលោកគ្រូ អ្នកគ្រូ មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យនៅឆ្នាំខាងមុខ។

ក្រសួងបានណែនាំដល់សិស្សានុសិស្សថា៖ «សូមអ្នកសិក្សាគ្រប់រូបចងចាំថា ការព្យាយាមគង់បានសម្រេចដូចបំណង»

ក្រសួងបានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានក្រោមការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ ក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ព្រមទាំងការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់បេក្ខជន ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគ និងគណៈកម្មការ នានាគ្រប់ថ្នាក់។

គូសរំលឹកថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២ មានសិស្សប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ ស្មើនឹង ៧២.៣៣ ភាគរយក្នុងចំណោមសិស្សសរុបចំនួន ១២៨ ១៣៥នាក់ ក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់, និទ្ទេស B ចំនួន ៧ ២៣២នាក់, និទ្ទេស C ចំនួន ១៩ ០៥៣ នាក់, និទ្ទេស D ចំនួន ៣១ ១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២ ៤៥០ នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក