ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ផលនេសាទដាយត្រីសម្រេចបានជាង១៥០០តោនក្នុងរដូវនេសាទឆ្នាំនេះ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីផលនេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដោយសម្រេចបានជាង១៥០០តោន។

យោងសេចក្ដីប្រកាសព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ សម្រេចបានបរិមាណ១៤៨១តោន ដែលបរិមាណនេះកើនឡើងប្រមាណ ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដាយត្រីនារដូវនេសាទឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០តោន។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រភេទត្រីដែលនេសាទបានពីដាយត្រី ក្នុងរដូវនេសាទមាន ត្រីរៀល៤៥ភាគរយ ត្រីស្លឹកឫស្សី៣០ភាគរយ ត្រីខ្នងវែង៥ភាគរយ ត្រីកប្រូក៣ភាគរយ ត្រីច្រកែង២ភាគរយ ត្រីឈ្វាត៥ភាគរយ និងត្រីចម្រុះ១០ភាគរយ។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ រយៈពេល០៥ថ្ងៃនៃការបើកឱ្យពលរដ្ឋមកទិញត្រីនៅដាយត្រីក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រជាពលរដ្ឋដែលមកទិញត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី យកទៅប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មានចំនួនប្រមាណ៨ ០០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ៩០ភាគរយ មកពីបណ្តាខេត្តផ្សេងៗ។

ក្រសួងបន្តថា កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា បរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិ មានការកើនឡើងជាងមុន ដោយសារតែការទប់ស្កាត់បទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពក្នុងបឹងទន្លេសាប ពីមន្ត្រីជលផល និងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់កាលពីរដូវត្រីពង ក្នុងអំឡុងឆ្នាំ២០២២។

លើសពីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងបន្តរកតុល្យភាពរវាងអភិរក្សនិងអភិវឌ្ឍ មិនត្រឹមតែនៅបឹងទន្លេសាបនោះទេ ប៉ុន្តែនៅទន្លេមេគង្គលើផងដែរ ដោយថាទន្លេសាបជាកន្លែងត្រីធំធាត់ រីឯទន្លេមេគង្គលើជាកន្លែងត្រីបន្តពូជ និងជាកន្លែងសត្វផ្សោតរស់នៅ។

ក្រសួងកសិកម្មអំពាវនាវឲ្យប្រជានេសាទទាំងអស់គោរពច្បាប់នេសាទ ដើម្បីរក្សាធនធានជលផល ឯអ្នកប្រព្រឹត្តល្មើសត្រូវប្រឈមនឹងទោសទណ្ឌជាធរមាន ដែលនឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះបទល្មើសជាក់ស្តែង និងបទល្មើសទាំងឡាយដែលមានភស្តុតាង និងកំណត់អត្តសញ្ញាណ នៃជនដែលបានប្រព្រឹត្តបទល្មើស។

ក្រសួងក៏បានគូសបញ្ជាក់ថា នៅពេលដែលផលត្រីកើនឡើង ប្រជានេសាទនិងពលរដ្ឋនៅសហគមន៍មូលដ្ឋានអាចរកត្រីទទួលទានបានងាយ និងមានតម្លៃសមរម្យ ដែលជាកត្តារួមចំណែកកាត់បន្ថយភាពក្រីកនិងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ហើយការរក្សាបឹងទន្លេសាប និងទន្លេមេគង្គកុំឲ្យមានការនេសាទហួសកម្រិត នឹងនាំមកនូវភោគផលតី្រពេញផ្ទៃប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក