អាសូរណាស់! ព្រោះតែជីវភាព អ្នកនេសាទម្នាក់ចេញទៅដើរឆ្លុះក្តាមត្រូវរថភ្លើងកិនដាច់ជើងស្លាប់ក្នុងព្រៃម្នាក់ឯង
ព្រះសីហនុ៖ បុរសអ្នកនេសាទម្នាក់ដែលចេញពីផ្ទះថាទៅឆ្លុះក្តាមថ្មពេលយប់ រួចបាត់ខ្លួនតាំងពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នោះ បច្ចុប្បន្នបានស្លាប់ហើយ ក្រោយអ្នកភូមិ និងក្រុមគ្រួសារដើរស្វែងរក និងប្រទះឃើញសាកសព នៅល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ លើផ្លូវរថភ្លើង។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ក្រោយបាត់ដំណឹង ក្រុមគ្រួសារបានរាយការណ៏ជូនសមត្ថកិច្ចមូលដ្ឋាននិងព្យាយាមស្វែងរកតាមកន្លែងដែលជនរងគ្រោះធ្លាប់ទៅឆ្លុះក្តាមថ្ម តែមិនប្រទះឃើញទេ។ ក្រោយមកក្មេងឃ្វាលគោប្រទះឃើញបុរសរងគ្រោះស្លាប់នៅផ្លូវរថភ្លើងដោយសារតែរថភ្លើងកិនដាច់ជើង។
បើតាមសមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយរថភ្លើងកិនដាច់ជើងមែន ដោយសារតែគ្មានអ្នកដឹងភ្លាមៗដើម្បីជួយសង្គ្រោះ ទើបបណ្តាលឲ្យជនរងគ្រោះស្លាប់នៅក្នុងព្រៃម្នាក់ឯង។
ជនរងគ្រោះនិងគ្រួសារមានទីលំនៅ ភូមិកំពង់ចិនឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុ៕