ព្រះពុទ្ធប្បដិមាខ្ពស់ជាងគេលើលោកនឹងបើកការដ្ឋានសាងសង់លើខ្នងភ្នំបូកគោនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣
កំពត៖ ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ នឹងប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ។
ក្រុមហ៊ុនសុខាអូតែលរបស់អ្នកឧកញ៉ា សុខ គង់ កាលពីពេលថ្មីៗនេះបានប្រកាសពីគម្រោងសាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រនៅលើកំពូលភ្នំបូកគោនៅចំណុចវាលស្រែ៥០០ ក្នុងគោលបំណងធ្វើជាទីសក្ការដ៏ថ្លៃថ្លាឧត្តុងឧត្តមសម្រាប់ប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា នឹងចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ខេត្តកំពត ស្អែកនេះផងដែរ។
គួរឱ្យដឹងដែលថា រដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុនសុខាអូតែល សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ លើខ្នងភ្នំបូកគោនេះ ដោយគោរពទៅតាមប្លង់មេ និងរចនាបថដែលក្រុមការងារអន្តរក្រសួងបានសម្រេចឯកភាព ដោយមាន ការគាំទ្រពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា៕