មេទ័ពជើងគោកអរគុណឯកអគ្គរាជទូតអូស្ត្រាលីដែលចប់អាណត្តិដែលបានធ្វើឱ្យទំនាក់ទំនងកម្ពុជា-អូស្ត្រាលីកាន់តែជិតស្និត
ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ឯកអគ្គរាជទូតអូស្ត្រាលីដែលចប់អាណត្តិលោក Pablo Kang ដែលបានជួយសម្របសម្រួល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាក់ស្តែងជាច្រើនក្នុងអាណត្តិការទូតរយៈពេល ០៣ ឆ្នាំកន្លងមកនេះ។
ថ្លែងក្នុងជំនួបមួយនៅបញ្ជាការដ្ឋានទ័ពជើងគោកមុនលោក Pablo Kang ចាកចេញពីកម្ពុជា ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-អូស្រ្តាលី។
ចំពោះកិច្ចសហប្រតិបត្តិការយោធារវាប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ ក៏បានគូសរំលេចអំពីដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែសកម្មជិតស្និទ្ធរវាងអង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស។
លោកឯកអគ្គរាជទូត Pablo Kang បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ជាពិសេសការឧបត្ថម្ភគាំទ្រគ្នានៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ និយាយជារួម និងនិយាយដោយទ្បែក នៅកម្រិតកងទ័ពជើងនៃកងយោធពលខេមរភូមិន្ទ លើសពីនេះ ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះភាពកក់ក្តៅក្នុងរយៈពេលបំពេញបេសកម្មការទូត និងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមកផងដែរ។
លោក Pablo Kang គឺជាអ្នកការទូតអូស្ត្រាលី និងជាមន្ត្រីសាធារណៈបម្រើការជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាតាំងពីខែមករា ឆ្នាំ២០២០។ លោកធ្លាប់ជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅអារ៉ាប់រួមពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ និងជាឧត្តមស្នងការអូស្ត្រាលីប្រចាំនៅវ៉ានូអាទូពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០៕