អារ៉ាប៊ីសាអូឌីត៖ កំពូលកីឡាករ Cristiano Ronaldo នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការជាមួយក្លិបបាល់ទាត់ Al Nassr នៅថ្ងៃអង្ការនេះ វេលាម៉ោង ៧ យប់ (ម៉ោងនៅអារ៉ាប៊ីសាអូឌីត)។
នេះនឹងក្លាយជាការបង្ហាញខ្លួនជាផ្លូវការលើកដំបូងរបស់ Ronaldo ក្នុងនាមជាកីឡាកររបស់ក្លិប Al Nassr ក្រោយពីកីឡាករ និងភាគីក្លិបបានប្រកាសពីការនាំចូលកីឡាកររូបនេះបានសម្រេច ក្នុងតម្លៃប្រាក់នឿយហត់កំណត់ត្រាពិភពលោកប្រមាណ ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ពិធីស្វាគមន៍វត្តមានរបស់កីឡាករ Ronaldo នឹងត្រូវធ្វើឡើងនៅទឹកដីកីឡដ្ឋាន Mrsool Park stadium ដែលជាទឹកដីរបស់ក្លិបផ្ទាល់ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ២៥,០០០នាក់។
នៅលើ Twitter ផ្លូវការរបស់ក្លិប Al Nassr បានបង្ហោះសារដូច្នេះថា គ្រប់ក្រសែភ្នែកទាំងអស់កំពុងសម្លឹងមករាជធានីរីយ៉ាត (Riyadh) ស្របពេលដែលកំពូលកីឡាករ Cristiano Ronaldo នឹងបង្ហាញខ្លួនក្នុងនាមជាកីឡាកររបស់ Al Nassr ជាលើកដំបូងបង្អស់។
គួរបញ្ចាក់ថា Ronaldo អាចនឹងមានវត្តមានក្នុងប្រកួតដំបូងជាមួយក្លិប Al Nassr នៅថ្ងៃទី០៥ ខែមករានេះ អំឡុងការប្រកួតដែល Al Nassr ប៉ះជាមួយក្លិប Al Ta'ee។ Ronaldo ពុំមានវត្តមានប្រកួតដំបូងក្រោយការប្រកាសការមកដល់ជាផ្លូវការឡើយ ពោលគឺ Al Nassr បានយកជ័យជម្នះ ១-០ ទល់នឹង Al Khaleej ដែលជួយឱ្យ Al Nassr ចាប់ផ្តើមឆ្នាំថ្មី២០២៣ នៅលើចំំណាត់ថ្នាក់កំពូលតារាង៕