កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា រដ្ឋាភិបាលកូរ៉េខាងជើងបានសម្រេចបណ្តេញលោក Pak Jong Chon ដែលជាបុគ្គលមានឥទ្ធិពលបំផុតក្នុងជួរយោធារបស់កូរ៉េខាងជើងបន្ទាប់ពីលោក Kim Jung Un។
លោក Pak Jong Chon ជាអនុប្រធានគណៈកម្មាធិការមជ្ឈិមយោធា នៃបក្សពលករកូរ៉េខាងជើង និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស ត្រូវបានជំនួសតំណែងដោយ លោក Ri Yong Gil នៅក្្នុងកិច្ចប្រជុំមហាសន្និបាតបក្សនាសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរដ្ឋ KCNA។
គ្មានហេតុផលជាក់លាក់ណាមួយត្រូវបានបញ្ចេញជុំវិញការផ្លាស់ប្តូរតំណែងមេយោធាកំពូលលំដាប់ទី២រូបនេះឡើយ។ ជានិច្ចកាល រដ្ឋាភិបាលក្រុងព្យុងយ៉ាង តែងតែយកវេទិកាជួបជុំបក្សប្រចាំឆ្នាំនេះ សម្រាប់ប្រកាសពីការផ្លាស់ប្តូរបុគ្គលសំខាន់ៗក្នុងជួររដ្ឋាភិបាល ក៏ដូចជាសេចក្តីសម្រេចផ្នែកនយោបាយធំៗ។
គួរបញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមយោធារបស់បក្ស ដែលដឹកនាំដោយលោក Kim Jung Un ត្រូវបានគេដឹងថាជាក្រុមប្រឹក្សាដ៏មានឥទ្ធិពលលើសេចក្តីសម្រេចផ្នែកយោធា ធំជាងក្រសួងការពារជាតិទៀតផង។
លោក Pak បានទទួលការតម្លើងតំណែងយ៉ាងឆាប់រហ័សពីតំណែងមេបញ្ជាការកងកាំភ្លើងធំ (ផ្កាយមួយ) នៅឆ្នាំ២០១៥ មកជានាយឧត្តមសេនីយ៍មេបញ្ជាការ (ផ្កាយបួន) នៅក្នុងឆ្នាំ២០២០។ ដោយឡែក លោក Ri Yong Gil ដែលជាអ្នកជំនួសតំណែងរបស់លោកវិញ ត្រូវបានគេស្គាល់ថាជាអ្នកមានតំណែងខ្ពស់ក្នុងជួរយោធា ដែលកាន់តំណែងសំខាន់ៗរួមមាន ប្រធានអគ្គសេនាធិការកងទ័ព រួមទាំងតំណែងជារដ្ឋមន្រ្តីការពារជាតិផងដែរ៕