អាជ្ញាធរនឹងបិទកំណាត់ផ្លូវមួយចំនួននៅភ្នំពេញដើម្បីរៀបចំព្រឹត្តិការណ៍សាទរខួបលើកទី៤៤នៃ «ទិវាជ័យជម្នះ៧មករា»
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧-០១-១៩៧៩- ០៧-០១-២០២៣) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។
នៅថ្ងៃនោះ អាជ្ញាធរនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីសម្ដេចសុធារស ចាប់ពីស្តុបជលផល ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ ២៤០) កំណាត់វិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ២៤០) កំណាត់មហាវិថីព្រះសុរាម្រឹត ចាប់ពីនាគបាញ់ទឹក ដល់វិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ ចាប់ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក និងផ្លូវជុំវិញទីតាំងប្រារព្ធពិធី រហូតដល់ពិធីត្រូវបានបញ្ចប់។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរបិទផ្លូវទាំងនេះជាបណ្តោះអាសន្នដើម្បីឱ្យការប្រារព្ធពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ។
រដ្ឋបាលរាជធានីភ្នំពេញបានសុំការយោគយល់ អធ្យាស្រ័យពីពលរដ្ឋឱ្យបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ផុតរយៈពេល ហាមឃាត់បណ្ដោះអាសន្ននេះអាជ្ញាធរនឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕