ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចខឹងលោក ហ៊ុន ជា កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបានឃើញលោក ហ៊ុន ជា បង្ហោះរូបជាមួយមនុស្សស្រីម្នាក់ដែលមិនមែនជាប្រពន្ធខ្លួន។ សម្ដេចតេជោថាការដែលលោក ហ៊ុន ជា មានស្រីកំណាន់បញ្ឈឺប្រពន្ធវាជារឿងគ្រួសារផ្ទាល់របស់លោក ហ៊ុន ជា តែសម្ដេចទ្រាំមិនឈឺឆ្អាលមិនបានព្រោះអាចនាំឱ្យខូចឈ្មោះត្រកូល «ហ៊ុន»។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីពេលដែលលោក ហ៊ុន ជា ស្រលាញ់ប្រពន្ធដំបូងសុខចិត្តទៅដេកចាំមុខផ្ទះគេ រហូតចាប់ពង្រត់កូនក្រមុំគេទៅកំពង់ចាមទៀត។ ពេលនោះសម្ដេចតេជោ ជាអ្នកចេញមុខសម្របសម្រួលផ្ទាល់ជាមួយក្រុមគ្រួសារកូនក្រមុំកុំឱ្យមានការប្ដឹងផ្ដល់ និងបានចេញលុយការឱ្យលោក ហ៊ុន ជា ទៀតតែចុងក្រោយពេលកូនធំៗអស់លោក ហ៊ុន ជា បែរជាធ្វើបែបនេះ។
សម្ដេចបានផ្ដាំទៅស្ត្រីដែលមិនមែនជាប្រពន្ធរបស់លោក ហ៊ុន ជា ឱ្យដកខ្លួនចេញផងដែរ។
សម្ដេចថា៖ «ត្រកូល ហ៊ុន ខ្ញុំមានសិទ្ធិឈឺឆ្អាលបើមិនអញ្ចឹងទេវាទៅរញ៉េរញ៉ៃ»។
ជាមួយគ្នានេះសម្ដេចតេជោ ក៏បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន ហៅលោក ហ៊ុន ជា មកសួរនាំនិងបញ្ជាក់ផងដែរ៕