ជប៉ុន៖ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតូ (Naruhito) នៅថ្ងៃចន្ទ ទី០២ ខែមករានេះ បានបង្ហាញព្រះរាជវត្តមានជាសាធារណៈលើកដំបូងបង្អស់ រាប់ចាប់តាំងពីមិនបានបង្ហាញព្រះរាជវត្តមានជាសាធារណៈតាំងពីឆ្នាំ២០២០ ដែលជាប្រពៃណីនៃការរាក់ទាក់ជាមួយប្រជារាស្រ្តជប៉ុនប្រចាំឆ្នាំ ប្រកបដោយការបន្តឹងសន្តិសុខយ៉ាងខ្លាំង ស្របពេលដែលស្ថានការប្រទេសជប៉ុន ក៏ដូចជារាជវង្សានុវង្សត្រឡប់មកស្ថានភាពដូចដើមបណ្តើរៗ។
ព្រះរាជវត្តមានព្រះចៅអធិរាជជប៉ុន Naruhito នាវេលានេះអមព្រះរាជវត្តមានដោយអគ្គមហេសី ម៉ាសាកូ (Masako) គ្រោងនឹងថ្លែងព្រះរាជសារខ្លីៗចំនួន ៦ ពេញមួយថ្ងៃ នាព្រះវេទិកានៅព្រះបរមរាជវាំងជប៉ុន ដើម្បីប្រោសប្រទានពរជ័យឆ្នាំថ្មីដល់ប្រជារាស្រ្តជប៉ុន។
ក្នុងឱកាសនៃការបង្ហាញព្រះរាជវត្តមានជាសាធារណៈនេះ គេសង្កេតឃើញមានព្រះរាជវត្តមានរបស់អតីតព្រះចៅអធិរាជជប៉ុន អាគិហ៊ីតូ (Akihito) និងមហេសីរបស់ព្រះអង្គ រួមទាំងបុត្រាបុត្រី និងរាជវង្សានុវង្សផ្សេងៗទៀតផងដែរ។
ក្នុងឱកាសថ្វាយព្រះពរឆ្នាំថ្មីនេះ មានមនុស្សតែប្រមាណ ១,៥០០នាក់ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ព្រះបរមរាជវាំងនាទីក្រុងតូក្យូ ដែលជាចំនួនតិចតួចក្នុងគោលបំណងបង្ការការឆ្លងកូវីដ-១៩។ ដោយឡែក កាលពីឆ្នាំ២០២០ ដែលមិនទាន់មានការផ្ទុះឡើងនូវវីរុសកូវីដ-១៩ នាឱកាសថ្វាយព្រះពរព្រះចៅអធិរាជជប៉ុន មានមនុស្សប្រមាណ ៧០,០០០នាក់ត្រូវបានអនុញ្ញាតឱ្យមានវត្តមាននាបរិវេណព្រះបរមរាជវាំង។
ក្នុងឱកាសថ្លែងព្រះរាជសារប្រទានពរ ព្រះចៅអធិរាជជប៉ុនមានព្រះបន្ទូលថា៖ "ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលខ្ញុំអាចអបអរឆ្នាំថ្មីជាមួយប្រជាជន ក្រោយរយៈពេល ៣ឆ្នាំ។ ជាមួយជំហររួមគ្នានៃការចាប់ផ្តើមឆ្នាំថ្មី ខ្ញុំសូមបួងសួងនូវសុភមង្គលសូមមានដល់ប្រជាជន និងប្រទេសរបស់យើង និងពិភពលោកទាំងមូល"។
គួរបញ្ជាក់ថា ពិធីប្រពៃណីនេះត្រូវបានលុបចោលកាលពីឆ្នាំ២០២១ និង ២០២២ ដោយសារតែការផ្ទុះឡើងនូវវីរុសកូវីដ-១៩៕