ទុយណេស៊ី៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិទុយណេស៊ី លោក Jalel Kadri ទទួលបានការបន្តកិច្ចសន្យាថ្មីក្នុងការដឹកនាំក្រុមជម្រើសជាតិទុយណេស៊ីរយៈពេល ១២ខែបន្ថែមទៀត ពោលគឺលោកនឹងត្រូវដឹកនាំក្រុមជម្រើសជាតិទុយណេស៊ីរហូតដល់ចប់ព្រឹត្តិការណ៍ African Cup of Nation ខណៈលោកធ្លាប់បានដាក់ពាក្យលាលែងពីតំណែងក្រោយមិនជោគជ័យក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅប្រទេសកាតា។ នេះបើតាមសេចក្តីប្រកាសព័ត៌៌មានផ្លូវការរបស់សហព័ន្ធបាល់ទាត់ទុយណេស៊ី។
លោក Jalel Kadri បានជួបប្រជុំជាមួយថ្នាក់ដឹកនាំកំពូលនៃសហព័ន្ធបាល់ទាត់ទុយណេស៊ីកាលពីចុងសប្តាហ៍កន្លងទៅ ជុំវិញការបង្ហាញខ្លួននៅ World Cup ដោយក្រុមជម្រើសជាតិទុយណេស៊ី បានប្រកួតស្មើក្រុមជម្រើសជាតិដាណឺម៉ាក់ ចាញ់អូស្រ្តាលី និងឈ្នះក្រុមជើងឯករងបារាំងយ៉ាងភ្ញាក់ផ្អើលនៅប្រកួតចុងក្រោយ ប៉ុន្តែទុយណេស៊ីនៅតែធ្លាក់ចេញត្រឹមវគ្គចែកពូល។
ក្រោយពីធ្លាក់ចេញត្រឹមវគ្គចែកពូល គ្រូបង្វឹកវ័យ ៥១ឆ្នាំរូបនេះបានដាក់ពាក្យលាលែងពីតំណែង ត្បិតលោកមិនបានសម្រេចគោលដៅក្នុងការដឹកនាំក្រុមឆ្លងផុតវគ្គចែកពូល ហើយឈានទៅវគ្គចាញ់ធ្លាក់ (Knock out Stage)។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សំណើរបស់លោកត្រូវបានសហព័ន្ធបដិសេធ ហើយផ្ទុយទៅវិញសហព័ន្ធបានប្រកាសបន្តកិច្ចសន្យាថ្មីមួយបន្ថែមរយៈពេល ១២ខែជូនលោកវិញ រួមទាំងការដឹកនាំក្រុមនៅព្រឹត្តិការណ៍ប្រកួតជើងឯកទ្វីបអាហ្រ្វិក African Cup of Nation ដែលធ្វើឡើងនៅប្រទេសកូឌីវ័រ នាខែមករា ឆ្នាំ២០២៤ ខាងមុខផងដែរ។
លោក Kadri បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិទុយណេស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ ភារកិច្ចបន្តរបស់លោកគឺការជួយក្រុមឡើងទៅកាន់ការប្រកួត African Cup of Nation ២០២៣ ខណៈបច្ចុប្បន្នក្រោយឆ្លងកាត់ ២ប្រកួត ទុយណេស៊ី ឈរលេខ ១ ក្នុងពូល J ឈ្នះ ១ និងស្មើ ១៕