សៀមរាប៖ រូបភាពមនុស្សដ៏ច្រើនកុះករនៅតាមផ្លូវសំខាន់ៗនៅខេត្តសៀមរាបត្រូវបានភរិយាអភិបាលខេត្តសៀមរាបលោកស្រី ទាង អេង ទៀសីហា បង្ហោះចែកចាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុក។ ខណៈដែលរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា អ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ៣៣ម៉ឺននាក់ បានចូលមកកម្សាន្តនៅខេត្តសៀមរាប កំឡុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២ ចូលឆ្នាំ២០២៣។
តាមរបាយការណ៍ដដែលនេះ បានឱ្យដឹងថា អ្នកទេសចរជាតិ និងអន្ដរជាតិ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា មានការកើនឡើងជាងឆ្នាំមុន។ ក្នុងចំនួនប្រមាណ ៣៣៧ ៧៦៩នាក់ ដែលក្នុងនោះអ្នកទេសចរជាតិ និងប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ ៣៣ម៉ឺននាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ។
របាយការណ៍ឲ្យដឹងដែរថា គោលដៅដែលបានទៅទស្សនានោះ រួមមាន រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ២២០ ០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលេនមានចំនួនប្រមាណ ៦ ៥០០នាក់ តំបន់ទន្លេសាបមានចំនួនប្រមាណ ៣ ០០០នាក់ សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ១០០ ៥០០នាក់។ ទន្ទឹមនឹងនោះ ក៏មានភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ៧ ៧៦៩នាក់ផងដែរ។
មន្ទីរព័ត៌មានខេត្តសៀមរាបបានដកស្រង់ប្រសាសន៍របស់អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោក ប្រាក់ សោភ័ណ្ឌ ខេត្តបានរៀបចំតុបតែងលម្អភ្លើងពណ៌ និងរចនាហេដ្ឋារចនាសម្ព័ន្ធតាមដងផ្លូវ ដើមី្បលេីកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឲ្យកាន់តែមានភាពស្រស់ត្រកាល រួមមាន បំពាក់ភ្លើងបំភ្លឺសាធារណ: និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនស្ពានព្រះរាជដំណាក់ ដេីម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៣ ជាដើម។
លោកបានបន្តថា ការងាររៀបចំកែលម្អនេះ គឺជាការរំលេចនូវសោភ័ណភាព បៃតងនៅតាមដងស្ទឹង តាមរុក្ខវិថីនានាក្នុងក្រុង បរិវេណព្រះអង្គចេក ព្រះអង្គចម ក៏ដូចជានៅតាមសួនច្បារ ដេីម្បីរៀចំភ្លើងពណ៌នាពេលរាត្រីឲ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដេីម្បីមកទស្សនាកម្សាន្ត ក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៣នេះ ព្រមទាំងមានការជិះទូកកម្សាន្តតាមដងស្ទឹងប្រវត្តិសាស្ត្រ និងទស្សនាការសម្តែង របាំ និងរាំវង់ស្គរដៃផងដែរ។
ម្យ៉ាងទៀតក៏ជាការរួមចំណែកក្នុងការជំរុញការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យសេដ្ឋកិច្ចក្នុងខេត្តសៀមរាប ជាពិសេសលើវិស័យទេសចរណ៍។ តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនេះ ដូចជានៅតំបន់ផាប់ស្រ្ទីត តាមបណ្តោយដងស្ទឹង នៅមុខសួនច្បារព្រះរាជដំណាក់ និងតំបន់ផ្សេងៗមួយចំនួនទៀត ក្នុងក្រុងសៀមរាប៕