ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលយកសំណើរបស់ប្រធានមជ្ឈមណ្ឌលអាហ្វេស៊ីបហ្នឹងបានស្នើទៅតុលាការឲ្យយោគយល់ទៅដល់ក្មេងស្រីរងគ្រោះពីការរំលោភបំពានផ្លូវភេទអាយុក្រោម ៥ឆ្នាំ។ សម្ដេចថាការយកក្មេងស្រីរងគ្រោះអាយុក្រោម ៥ឆ្នាំទៅប្រឈមមុខជាមួយនឹងជនល្មើសនៅតុលាការ បានធ្វើឲ្យប៉ះពាល់ទៅដល់សតិអារម្មណ៍របស់ក្មេងជាខ្លាំង។
ថ្លែងក្នុងពេលដែលជួបជាមួយនឹងកុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទៅនឹងសំណើររបស់ប្រធានមជ្ឈមណ្ឌលអាហ្វេស៊ីប និងបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយនឹងក្រសួងមហាផ្ទៃ ដើម្បីសម្របសម្រួលជាមួយនឹងតុលាការក្នុងរឿងនេះ៕