ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសធានាដល់សិស្សមជ្ឈមណ្ឌលអាហ្វេស៊ីបទាំងអស់ដែលបានប្រឡងជាប់ថ្នាក់ទី១២ និងទទួលបានការសិក្សានៅថ្នាក់ឧត្តមទាំងអស់តាមរយៈការផ្ដល់អាហារូបករណ៍ពីសម្ដេចផ្ទាល់។
សម្ដេចបានលើកឡើងថា ការជួយទៅដល់មជ្ឈមណ្ឌលនេះគឺធ្វើឡើងដើម្បីសង្គ្រោះទៅដល់កុមារីដែលរងគ្រោះអំពីការរំលោភបំពាន ក៏ប៉ុន្តែអ្វីដែលជួយសំខាន់បន្ថែមទៀតគឺជួយទៅដល់ការអប់រំរបស់ក្មេងស្រីទាំងអស់។
សម្ដេចតេជោបានលើកឡើងបែបនេះនៅក្នុងពេលដែលសម្ដេច និងសម្ដេចគតិព្រឹទ្ធបណ្ឌិតអញ្ជើញជួបជាមួយនឹងកុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ៕