ឥណ្ឌា៖ ជាដំណឹងមរណទុក្ខសម្រាប់លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ដោយម្តាយរបស់លោកបានទទួលមរណភាពនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។ លោកស្រី Heeraben Modi ត្រូវជាម្តាយរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានទទួលមរណភាពក្នុងវ័យ ៩៩ឆ្នាំ ដោយជរាពាធ។
លោកស្រី Heeraben ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃពុធកន្លងទៅ បន្ទាប់ពីសុខភាពរបស់លោកស្រីមានសភាពលំបាកកាន់តែខ្លាំងដោយសារតែកត្តាវ័យជរា។ មរណភាពរបស់លោកស្រីត្រូវបានប្រកាសជាផ្លូវការនៅវេលាម៉ោង ៣៖៣៩នាទីទាបភ្លឺ (ម៉ោងនៅក្នុងប្រទេសឥណ្ឌា) នៅមន្ទីរពេទ្យជំនាញផ្នែកបេះដូង UN Mehta។ សពលោកស្រីត្រូវបានចាត់ចែងរៀបចំតាមប្រពៃណី នៅគេហដ្ឋានរបស់គាត់ផ្ទាល់ ស្ថិតនៅតំបន់ Gandhinagar ភាគខាងលិចរដ្ឋ Gujarat។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi សរសេរលើ Twitter ក្រោយមរណភាពរបស់ម្តាយលោកថា លោកស្រី Heeraben គឺជាស្រ្តីសាមញ្ញបំផុតម្នាក់ គឺដូចជាម្តាយទូទៅដែរក្នុងកែវភ្នែករបស់លោក។ ពេលវេលាចុងក្រោយដែលគេបានឃើញលោក Narendra Modi ជួបជុំជាមួយម្តាយរបស់លោក គឺកាលពីថ្ងៃទី០៤ ខែធ្នូ នាគ្រាដែលលោកបានចូលទៅលេងនៅគេហដ្ឋានម្តាយលោកនារដ្ឋ Gujarat ដែលជាពេលបោះឆ្នោតសភានារដ្ឋនោះតែម្តង។
បច្ចុប្បន្ននេះ គេសង្កេតឃើញមានវត្តមានអ្នកនយោបាយ និងថ្នាក់ដឹកនាំជាន់ខ្ពស់នានា ព្រមទាំងមហាជនឥណ្ឌាបានចូលរួមសម្តែងនូវការរំលែកមរណទុក្ខចំពោះក្រុមគ្រួសារលោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ជាបន្តបន្ទាប់ផងដែរ៕