ភ្នំពេញ៖ លោក ស៊ីថូ ណាថាន់ អ្នករៀបចំកម្មវិធីកីឡានៅស្ថានីយ៍ទូរទស្សន៍ CBS បានរៀបចំប្រគល់ខ្សែក្រវ៉ាត់ អមនឹងប្រាក់រង្វាន់ ២០លានរៀលជូនទៅកីឡាករ ឃីម បូរ៉ា ហើយនៅព្រឹកថ្ងៃចន្ទនេះ ក្រោយពីផ្លាស់ប្តូរការសម្រេចចិត្តភ្លាមៗនៅយប់ថ្ងៃអាទិត្យម្សិលមិញ។
ការផ្លាស់ប្តូរការសម្រេចលើកពេលប្រកួតនៅពីរសប្តាហ៍ក្រោយ មកឱ្យកីឡាករ ឃីម បូរ៉ា ឈ្នះដោយស្វ័យប្រវត្តិនេះ ត្រូវបានមហាជនអ្នកស្រលាញ់គុនខ្មែរដឹងបានថា ដោយសារតែមានការបញ្ចេញមតិរិះគន់ស្ថាបនាពីសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានសរសេរសារនៅលើហ្វេសប៊ុកផ្ទាល់របស់សម្តេច និយាយពីការកាត់ក្តីមិនត្រឹមត្រូវក្នុងកម្មវិធីប្រកួតប្រដាល់មួយ ដែលមហាជនកាត់ស្មានដឹងថាជាជំនួបរវាង ម៉ឺន មេឃា និង ឃីម បូរ៉ា នៅលើប៉ុស្តិ៍ CNC។
ក្រោយទទួលបានការសម្រេចឱ្យឈ្នះជាផ្លូវការ មហាជនអ្នកគាំទ្រគុនខ្មែរបានហៅការកាត់សេចក្តីនេះថាជារឿង "យុត្តិធម៌" សម្រាប់ ឃីម បូរ៉ា ប៉ុន្តែយ៉ាងណាមិញក៏បានអំពាវនាវឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្កើនការយកចិត្តទុកដាក់ជាងនេះ ជាពិសេសទប់ស្កាត់កុំឱ្យមានបាតុភាពបែបនេះកើតឡើងសាជាថ្មី។ គួរបញ្ជាក់ថា កីឡាករ ឃីម បូរ៉ា ក៏បានសម្តែងភាពរីករាយ និងអរគុណដល់បងប្អូនទាំងអស់ដែលបានឈឺឆ្អាល ជួយលើកឡើងឱ្យខ្លួនបានទទួលយុត្តិធម៌ ជាពិសេសអរគុណដល់សម្តេចតេជោ ដែលសម្តេចបានលើកឡើងពីបញ្ហានេះ ដោយសម្តេចបញ្ជាក់ថាក្នុងនាមជាអ្នកគាំទ្រកីឡាមួយរូប៕