ឥណ្ឌា៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ប្រទេសឥណ្ឌា នឹងដាក់ចេញជាកាតព្វកិច្ចសម្រាប់អ្នកដំណើរចូលប្រទេសឥណ្ឌាពីប្រទេសចំនួន ៥ ដែលចាំបាច់ត្រូវមានបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ជាមុនសិន។ ប្រទេសទាំង ៥ ដែលមានកាតព្វកិច្ចបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ មុនចូលទៅកាន់ប្រទេសឥណ្ឌារួមមាន ប្រទេសចិន (រួមទាំងហុងកុង), ជប៉ុន, កូរ៉េខាងត្បូង, ថៃ និងសិង្ហបុរី។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរសុខាភិបាល។
រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា លោក Mansukh Mandaviya បានសរសេរនៅលើ Twitter របស់លោកបញ្ជាក់ថា សម្រាប់់អ្នកដំណើរដែលមកពីប្រទេស និងតំបន់ដែលកំណត់ខាងលើ នឹងត្រូវធ្វើការបង្ហោះ (Upload) នូវលទ្ធផលធ្វើតេស្តអវិជ្ជមានរបស់ខ្លួនមុនពេលចេញដំណើរនៅលើគេហទំព័រ (Website) មួយដែលរៀបចំដោយរដ្ឋាភិបាលឥណ្ឌាផ្ទាល់។ នៅក្នុងសេចក្តីប្រកាសនោះដែរ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌាបានហៅវិធានការនេះថាត្រូវបានធ្វើឡើងដើម្បីតាមទាន់ការវិវត្តនៃស្ថានភាពកូវីដ-១៩ នៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ឯកសារនៃលទ្ធផលធ្វើតេស្តកូវីដ-១៩ ដែលបង្ហោះចូលក្នុងគេហទំព័រនោះ ត្រូវតែធ្វើឡើងយ៉ាងច្រើនបំផុត ៧២ម៉ោងមុនពេលធ្វើដំណើរ។
ឥណ្ឌា ជាប្រទេសមួយទៀតបន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន អ៉ីតាលី និងកោះតៃវ៉ាន់ ដែលចាប់ផ្តើមតម្រូវឱ្យអ្នកដំណើរដែលមកពីប្រទេសចិន ត្រូវមានកាតព្វកិច្ចបញ្ជាក់ពីការធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ជាមុនសិន ស្របពេលដែលតួលេខឆ្លងនៃវីរុសកូវីដ-១៩ក្នុងប្រទេសចិនមានការកើនឡើង ក្រោយរដ្ឋាភិបាលសម្រេចដកចេញ និងបន្ធូរបន្ថយនូវវិធានការបង្ការជំងឺកូវីដ-១៩៕