អាជ្ញាធរហាមពលរដ្ឋថ្មើរជើងលើ «ស្ពានថ្មចាស់មុខសាលាខេត្តបាត់ដំបង អាយុជាង ១០០ឆ្នាំ» ខណៈកំពុងទ្រុឌទ្រោម
បាត់ដំបង៖ អាជ្ញាធរបានហាមមិនឱ្យពលរដ្ឋធ្វើដំណើរលើស្ពានថ្មចាស់ក្រុងបាត់ដំបង អាយុកាលជាង ១០០ឆ្នាំ ខណៈស្ពានបុរាណមួយនេះកំពុងតែទ្រុឌទ្រោម និងបែកប្រេះសាំ្រខ្លាំង។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានណែនាំពលរដ្ឋកុំឆ្លងកាត់លើស្ពានមួយនេះ ដើម្បីថែរក្សា និងជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ។ លោកបានសរសេរក្នុងផេកហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖ «ស្ពានថ្មចាស់ក្រុងបាត់ដំបងចាស់ទ្រុឌទ្រោមហើយ។ សូមបងប្អូន យោគយល់ អធ្យាស្រ័យកុំឆ្លងកាត់ដាក់ស្លាកខ្ពស់ក្រែងមើលមិនឃើញ ដោះមកដាក់ទាបម្តង»។
លោកគូសបញ្ជាក់ថា ដើម្បីត្រៀមឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៣ ខាងមុខនេះ ខាងខេត្តនឹងរៀបចំតុងតែងភ្លើងដើម្បីឱ្យពលរដ្ឋអាចថតពីទិដ្ឋភាពស្ពានពីចម្ងាយ។
អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បាននិយាយថា ស្ពានថ្មចាស់នេះមានសភាពទ្រុឌទ្រោមដែលខេត្តបានហាមមិនឱ្យរថយន្តបើកបរលើស្ពាននេះតាំងឆ្នាំ១៩៩៣ មកម្ល៉េះ ដោយពេលនេះអនុញ្ញាតឱ្យតែម៉ូតូ និងកង់ធ្វើដំណើរតែប៉ុណ្ណោះ រហូតដល់ឆ្នាំ២០១៩ ក៏ហាមមិនឱ្យម៉ូតូ និងកង់ធ្វើដំណើរឆ្លងកាត់។ បន្ទាប់មកនៅចុងឆ្នាំ២០២២នេះ ក៏ហាមមិនឱ្យពលរដ្ឋថ្មើរជើងឆ្លងកាត់ស្ពាននោះឡើយ។
លោកបានថ្លែងមកកាន់អង្គភាពសារព័ត៌មាន EAC news តាមតេឡេក្រាមដូច្នេះថា៖ «ពេលនេះ រដ្ឋបាលខេត្តលែងឱ្យមានការធ្វើដំណើរឆ្លងកាត់ដោយថ្មើរជើងទៀតហើយ ដោយសារខ្លាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងដល់អ្នកធ្វើដំណើរដោយថ្មើរជើង ទើបបញ្ឈប់ជាស្ថាពរ ពីពេលនេះតទៅ រហូតដល់មានការជួសជុលឡើងវិញ»។
បើតាមលោក សឿម ប៊ុនរិទ្ធិ គឺចាំបាច់ណាស់ត្រូវមានការជួសជុល អភិរក្ស និងថែរក្សាឡើងវិញនូវស្ពានបុរាណអាយុចំនួន ១០៦ឆ្នាំនេះដើម្បីធានាឱ្យស្ពានមួយនេះស្ថិតនៅគង់វង្សយូរអង្វែង។
លោកថា៖ «បើគ្មានការអភិរក្ស ការជួសជុលថែទាំនោះទេ សំណង់ស្ពានថ្មចាស់នេះ មិនអាចគង់វង្សយូរអង្វែងតទៅទៀតបានឡើយ។ រដ្ឋបាលខេត្ត ពុំមានថវិកាធ្វើការជួសជុលទេ។ ការងារអភិរក្សនិងថែរក្សាស្ពានថ្មចាស់មុខសាលាខេត្តនេះ ទាមទារក្រសួងជំនាញ និងក្រសួង ស្ថាប័នពាក់ព័ន្ឋ ជួយដល់រដ្ឋបាលខេត្ត ក្នុងការជួសជុលឡើងវិញស្របតាមទម្រង់រចនាបថស្ថាបត្យកម្មដើមនៃសំណង់ស្ពាននេះទើបអាចអភិរក្ស និងការពារបានពីការបាក់រលំ ដោយគ្រោះធម្មជាតិ ឬទឹកជំនន់នាពេលខាងមុខ»។
គូសបញ្ជាក់ថា ស្ពានថ្មចាស់ក្រុងបាត់ដំបងនេះ ត្រូវបានកសាងឡើងនៅឆ្នាំ១៩១៦ ដោយបច្ចុប្បន្នស្ពានមួយនេះមានលក្ខណៈទ្រុឌទ្រោម ហើយមានស្នាមប្រេះ ខណៈរដ្ឋបាលខេត្តបានកសាងស្ពានថ្មថ្មីនៅក្បែរស្ពានថ្មចាស់ ដែលរចនាឡើងតាមលំនាំស្ពានថ្មចាស់ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ពលរដ្ឋ៕