បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានលួចដកមើមដំឡូងក្នុងចម្ការរបស់ពលរដ្ឋម្នាក់ចំនួន ១តោន ត្រង់ចំណុចក្រុមទី១ ក្នុងភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
ក្រោយពីដឹងថាបាត់មើមដំឡូងរបស់ខ្លួនត្រូវបានជនមិនស្គាល់មុខលួចដកយកទៅ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល។
សមត្ថកិច្ចបានស្រាវជ្រាវរកឃើញជនសង្ស័យរហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ឈ្មោះ ឌិត ឌីណា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
បន្ទាប់ពីបានធ្វើការសាកសួរជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកកាំបិតបុ័ងតោ និងដែកសម្រាប់ដកមើមដំឡូងរបស់ជនរងគ្រោះខាងលើអស់ចំនួន ១តោនដើម្បីយកទៅលក់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនមកផែនជំនាញអនុវត្តទោសទៅតាមផ្លូវច្បាប់៕