កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជាបានជោគជ័យក្នុងការបញ្ចប់សង្គ្រាមដោយឱ្យខ្មែរឈ្នះគ្រប់ភាគី បង្កើតបានរាជរដ្ឋាភិបាលតែមួយ ដែលមិនទាន់មានប្រទេសណាមួយក្នុងពិភពលោកធ្វើដូចបាន។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីថ្ងៃទី២៩ ខែធ្នូ ២៤ឆ្នាំមុន សម្ដេចតេជោ ហ៊ុន សែន បានទទួលបានល្ងាចជាមួយមេដឹកនាំខ្មែរក្រហម ដែលបានផ្ញើសារដល់ក្រុមខ្មែរក្រហមដែលបោះបោរឱ្យចុះចូលជាមួយរដ្ឋាភិបាល និងផ្ញើសារដល់ពលរដ្ឋខ្មែរថាពេលនេះកម្ពុជាអាចស្វែងរកការស្រុះស្រួលនិងសន្ដិភាពហើយ។
សម្ដេចតេជោបញ្ជាក់ថានេះជាជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចដែលនាំឱ្យកម្ពុជារកឃើញសន្ដិភាពឡើងវិញ នាំឱ្យកម្ពុជាស្ថិតក្រោមដំបូលរដ្ឋាភិបាលតែមួយបន្ទាប់ពីបែកបាក់ជាច្រើនសតវត្ស។
សម្ដេចថា៖ «ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កម្ពុជាបានក្លាយជាប្រទេសកម្ពុជាមានរដ្ឋាភិបាលមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ។ សន្ដិភាពវាមានតម្លៃសំខាន់ណាស់សម្រាប់យើង ដូច្នេះយើងត្រូវការពារសន្ដិភាពឱ្យបាន»។
នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។
អស់រយៈពេល ២៤ឆ្នាំកន្លងមក ព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផងចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ-ឈ្នះ៕