ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

អតីតសាលាក្ដីខ្មែរក្រហមត្រូវផ្ទេរមកកាន់ការគ្រប់គ្រងរបស់កងទ័ពជើងគោក

ភ្នំពេញ៖ អតីតសាលាក្ដីខ្មែរក្រហមត្រូវបានផ្ទេរទៅក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកហើយ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ជាការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្ដីកូនកាត់មួយនេះនៅកម្ពុជា។

ថ្លែងក្នុងពិធីផ្ទេរ-ទទួលកាលពីថ្ងៃទី២៨ ខែធ្នូ មេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាព្រឹត្តិការណ៍ក្នុងថ្ងៃនេះ មិនមានអត្ថន័យត្រឹមតែជាការផ្ទេរ-ទទួលអគារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រគល់មួយផ្នែកនៃទីតាំងយោធានេះ សម្រាប់បម្រើឱ្យដំណើរការកាត់ក្តីខ្មែរក្រហមចាប់តាំងពីឆ្នាំ២០០៦មក។

លោកបន្ថែមថា៖ «ពន្លឺនៃយុត្តិធម៌ដែលទទួលបានពីដំណើរការកាត់ក្តីអស់រយៈកាល ១៦ឆ្នាំកន្លងមកនេះ គឺជាការបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់ប្រជាជនខ្មែរដែលជាជនរងគ្រោះនៃរបបដ៏សាហាវយង់ឃ្នង ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល។ មួយវិញទៀត តុលាការនេះក៏បានផ្តល់ឱ្យពលរដ្ឋខ្មែរ ជាពិសេសអ្នកជំនាន់ក្រោយ នូវឱកាសបានដឹង និងបានឃើញជាក់ស្តែងនូវដំណើរការកាត់ក្តីមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីជាការអប់រំ និងការចងចាំអំពីសោកនាដកម្មដែលមិនត្រូវឱ្យកើតមានឡើងសាជាថ្មីម្តងទៀតឡើយទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល»

លោកបានអបអរសាទរចំពោះជោគជ័យរបស់សាលាក្តីខ្មែរក្រហមដែលជាកិច្ចខិតខំរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដោយធានាបានទាំងការគោរពអធិបតេយ្យភាពជាតិ និងការធានាបាននូវស្តង់ដារយុត្តិធម៌អន្តរជាតិ។

លោកបន្ថែមថា៖ «ទាំងនេះគឺជាការចូលរួមចំណែកផ្តល់នូវឧត្តមប្រយោជន៍នៃយុត្តិធម៌ ដែលធានាដល់ការថែរក្សាសុខសន្តិភាព សាមគ្គីភាពជាតិ និងការជួសជុលសំណងផ្លូវចិត្តមួយដ៏សំខាន់ចាំបាច់សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាការរារាំងកុំឱ្យមានការកើតឡើងសាជាថ្មីនូវសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សាដែលកម្ពុជាធ្លាប់បានទទួលរងគ្រោះក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩»

សាលាក្ដីខ្មែរក្រហមបានចាប់ផ្ដើមការងាររបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ២០០៦ និងបានបញ្ចប់លើសំណុំរឿងចំនួន៤ ដែលមាន ០០១ កាត់ក្ដីលើអតីតប្រធានគុកទួលស្លែង លោក កាំង ហ្គេចអៀវ ហៅឌុច សំណុំរឿង ០០២/០១ កាត់ក្ដីលើ លោក ខៀវ សំផន និងលោក នួន ជា សំណុំរឿង ០០៤/០១ ទម្លាក់ការចោទប្រកាន់លើ អ្នកស្រី ហ៊ឹម ចែម និងសំណុំរឿង ០០៤/០២ ទម្លាក់ការចោទប្រកាន់លើ លោក អោ អាន។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម គ្រោងបិទបញ្ចប់នៅចុងឆ្នាំ២០២២នេះ បន្ទាប់ពីបានប្រតិបត្តិការការងារជាង ១៦ឆ្នាំ និងបានចំណាយថវិកាសរុបប្រមាណ ៣៣០លានដុល្លារអាមេរិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក