និយ័តករទូរគមនាគមន៍ព្រមានចាត់វិធានការលើអ្នកដែលផ្តល់សេវាកម្មចុះដែនជាតិ .Kh ដោយគ្មានការអនុញ្ញាត
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានសង្កត់ធ្ងន់ថារាល់ក្រុមហ៊ុន ឬបុគ្គល ដែលបានប្រតិបត្តិការលើការផ្តល់សេវា ឬដើរតួធ្វើជាភ្នាក់ងារចុះឈ្មោះដែនជាតិ .kh ដោយគ្មានការអនុញ្ញាតពី ន.ខ.ក. នោះនឹងចាត់វិធានការតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ន.ទ.ក អនុវត្តចំណាត់ការនេះ ក្រោយពីសង្កេតឃើញថាថ្មីៗនេះ ទំព័រហ្វេសប៊ុកឈ្មោះ «Namekh» បានផ្សព្វផ្សាយលើបណ្តាញសង្គមអំពីការផ្តល់សេវាចុះឈ្មោះដែនជាតិ.Kh ដោយណែនាំឱ្យទាក់ទងលេខទូរសព្ទ និងអាសយដ្ឋានតាមទំព័រហ្វេសប៊ុកខាងលើនេះ ខណៈហ្វេសប៊ុកមួយនេះផ្តល់សេវាដោយគ្មានការអនុញ្ញាតត្រឹមត្រូវពី ន.ទ.ក.ដែលផ្ទុយនឹងច្បាប់និងបទប្បញ្ញត្តិជាធរមាន។
និយ័តករទូរគមនាគមន៍កម្ពុជា បានណែនាំដល់ម្ចាស់ទំព័រហ្វេសប៊ុកខាងលើ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពផ្សព្វផ្សាយ និងក្លែងបន្លំជាភ្នាក់ងារផ្តល់សេវាចុះឈ្មោះដែនជាតិ .kh។
ជាមួយគ្នានេះ ន.ទ.ក. ក៏បានបញ្ជាក់ថា ក្នុងករណីបុគ្គលដែលមានតម្រូវការចុះឈ្មោះប្រើប្រាស់ឈ្មោះដែនជាតិ .kh គឺអាចដាក់ពាក្យស្នើសុំដោយផ្ទាល់មក ន. ទ. ក. ឬអាចសាកសួរព័ត៌មានពាក់ព័ន្ធផ្សេងៗ តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ៕