សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក បានប្រកាសពីវិធានការថ្មីមួយនៅពុធនេះដែលតម្រូវឱ្យមានការធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមុនសិននូវរាល់អ្នកដំណើរទាំងអស់ដែលមកពីប្រទេសចិន។ វិធានការថ្មីរបស់សហរដ្ឋអាមេរិកនេះធ្វើឡើងបន្ទាប់ពីបណ្តាប្រទេសមួយចំនួនបានរឹតបន្តឹងចំពោះអ្នកដំណើរមកពីប្រទេសចិន ក្រោយពីប្រទេសធំមួយនេះមានអត្រាអ្នកឆ្លងកូវីដ-១៩ថ្មីកើនឡើងខ្លាំង។
ចំនួនអ្នកឆ្លងថ្មីនៅក្នុងប្រទេសចិនមានការកើនឡើងខ្ពស់សាជាថ្មី បន្ទាប់ពីរដ្ឋាភិបាលបានដកចេញនូវវិធានការបង្ការកូវីដ-១៩ "ZERO COVID" ដែលជាវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ក្នុងប្រទេសចិនបានយ៉ាងល្អ ប៉ុន្តែវាបានប៉ះពាល់ និងជះឥទ្ធិពលជាខ្លាំងដល់សេដ្ឋកិច្ចប្រទេសមហាអំណាចលំដាប់ទីពីរមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលពន្យល់ពីការរឹតត្បិតនេះ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកបានលើកឡើងពីការកើនឡើងនៃការឆ្លង និងអ្វីដែលខ្លួនបាននិយាយថាជាកង្វះខាតព័ត៌មានគ្រប់គ្រាន់ និងតម្លាភាពពីប្រទេសចិន ជាពិសេសពាក់ព័ន្ធនឹងការក្លាយពូជថ្មីនៃវីរុសកូវីដដែលអាចមានក្នុងប្រទេសនេះ។
ដោយឡែក អ្នកវិទ្យាសាស្ត្រមួយចំនួនមានការព្រួយបារម្ភថា ការកើនឡើងនៃមេរោគ COVID-19 នៅក្នុងប្រទេសចិន អាចជាឱកាសនៃបញ្ចេញនូវវីរុសកូរ៉ូណាប្រភេទថ្មីលើពិភពលោក ដែលអាចឬមិនស្រដៀងទៅនឹងការរីករាលដាលនៅពេលនេះ។ ការព្រួយបារម្ភរបស់អ្នកវិទ្យាសាស្រ្តនេះកើតមានដោយសារតែរាល់ការឆ្លងវីរុសថ្មីម្តងៗ គឺជាឱកាសសម្រាប់មេរោគក្នុងការបន្តពូជ និងបម្លែងខ្លួន។
សេចក្តីថ្លែងការណ៍របស់ CDC អាមេរិកដដែលបាននិយាយថា ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣តទៅ រាល់អ្នកដំណើរពីប្រទេសចិន ចូលទៅកាន់សហរដ្ឋអាមេរិកទាំងអស់ តម្រូវឱ្យមានលទ្ធផលតេស្តអវិជ្ជមានយ៉ាងយូរបំផុត ២ថ្ងៃមុនពេលដែលអនុញ្ញាតឱ្យធ្វើការហោះហើរ។ ការតម្រូវឱ្យធ្វើតេស្តនេះ ធ្វើឡើងលើគ្រប់បុគ្គលទាំងអស់ដែលមានវ័យចាប់ពីពីរឆ្នាំឡើងទៅ រួមទាំងពលរដ្ឋដែលមានសញ្ជាតិអាមេរិកផងដែរ។
ប្រទេសនានាបានចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងនានាចំពោះអ្នកដំណើរដែលមកពីប្រទេសចិន ក្នុងនោះរួមមាន ជប៉ុន ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ជាដើម៕