កណ្តាល៖ ពលរដ្ឋមួយចំនួនបានស្នើឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងលើការយាមលើស្ពានអ្នកលឿង ខណៈមួយសប្តាហ៍កន្លងមកនេះមានអ្នកមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបានមកលោតសម្លាប់ខ្លួនចំនួន ២នាក់។
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ មានបុរសម្នាក់អាយុ ៣០ឆ្នាំបានជិះម៉ូតូឈប់លើស្ពាន ហើយលោតចូលក្នុងទឹក ដោយបន្សល់ទុកនៅម៉ូតូ និងទូរសព្ទដៃនៅលើស្ពាន។ គ្រួសារនៃជនរងគ្រោះបានអះអាងថា មូលហេតុដែលនាំឱ្យបុរសម្នាក់នោះសម្រេចមកបញ្ចប់ជីវិតបែបនេះដោយសារតែរូបគាត់មានទំនាស់ជាមួយភរិយា។
សាកសពបុរសនោះត្រូវបានរកឃើញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ ករណីនេះក៏បានកើតឡើងម្តងទៀតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ទៅលើបុរសម្នាក់ទៀតដែលមានអាយុ ៣០ឆ្នាំដែរនោះបានមកលោតទឹកលើស្ពាន ដោយបន្សល់ទុកនូវស្បែកជើងផ្ទាត់ពណ៌សមួយគូ៕