ភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូនេះ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវបើកទ្វារស្វាគមន៍ការប្រកួតសាជាថ្មី ខណៈក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិព្រុយណេ ដែលជាការប្រកួតទី៣ ក្នុងពូល A របស់កម្ពុជា។
មុនជួបគ្នាល្ងាចនេះ កម្ពុជា ឆ្លងកាត់ ២ប្រកួត ឈ្នះ ១ និងចាញ់ ១ ដោយប្រកួតដំបូងឈ្នះហ្វីលីពីន ៣-២ នាទឹកដីពហុកីឡដ្ឋានជាតិមរតកតេជោ និងប្រកួតទីពីរចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ១-២ នាកីឡដ្ឋាន Gelora Bung Karno។
ដោយឡែក ក្រុមជម្រើសជាតិព្រុយណេវិញ ឆ្លងកាត់ ៣ប្រកួតមកហើយនៅមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេ ដោយប្រកួតចាញ់ក្រុមជម្រើសជាតិថៃ ៥-០ នៅកីឡដ្ឋាន Kuala Lumpur មុននឹងបន្តចាញ់ក្រុមជម្រើសជាតិហ្វីលីពីន ៥-១ នៅកីឡដ្ឋាន Rizal Memorial Stadium និងប្រកួតចុងក្រោយចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ៧-០ នៅកីឡដ្ឋាន Kuala Lumpur។ សរុបការឆ្លងកាត់ ៣ប្រកួតកន្លងមក ព្រុយណេមិនទាន់មានពិន្ទុរាប់នៅឡើយទេ ដោយគេស៊ុតចូលសរុប ១៧គ្រាប់ និងស៊ុតចូលគេវិញត្រឹមមួយគ្រាប់ប៉ុណ្ណោះ។
ការប្រកួតល្ងាចនេះ កម្ពុជា មិនត្រូវការតែជ័យជម្នះមួយមុខទេ ប៉ុន្តែត្រូវការឈ្នះច្រើនគ្រាប់បំផុតតាមដែលអាចធ្វើបាន ដើម្បីបន្តក្តីសង្ឃឹមឡើងទៅវគ្គបន្ត ខណៈប្រកួតបន្តកម្ពុជា នឹងត្រូវប៉ះក្រុមជម្រើសជាតិថៃ នាកីឡដ្ឋាន Thammasat នាថ្ងៃទី០២ ខែមករាខាងមុខ។ ដោយឡែក ល្ងាចនេះវេលាម៉ោង ៤៖៣០នាទីល្ងាចក៏មានការប្រកួតពូល A មួយទៀតដែរ ដោយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បើកទ្វារកីឡដ្ឋាន Gelora Bung Karno ស្វាគមន៍ក្រុមជម្រើសជាតិថៃ។
ការប្រកួតរវាងកម្ពុជា និងព្រុយណេ នៅពហុកីឡដ្ឋានជាតិមរតកតេជោល្ងាចនេះ សំបុត្រមានដាក់លក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក (ច្រកទ្វារធំ) ចាប់ពីម៉ោង ៩:០០ - ១១:០០ ព្រឹក និងមានលក់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង ២:០០ រសៀលតទៅ ខណៈការប្រកួតក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV និងផេកហ្វេសប៊ុកផ្លូវការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ៕