បង់ក្លាដែស៖ ប្រទេសនៅតំបន់អាស៊ីខាងត្បូង បង់ក្លាដែស បានបើកដំណើរការសេវាកម្មរថភ្លើងសាធារណៈ (Metro) ជាលើកដំបូងបង្អស់ ក្រោមមូលនិធិពីប្រទេសជប៉ុន នៅក្នុងរដ្ឋធានីរបស់ខ្លួនកាលពីថ្ងៃពុធ ទី២៨ ខែធ្នូម្សិលមិញនេះ។ ការបើកដំណើរការសេវាកម្មសាធារណៈថ្មីសន្លាងមួយនេះ ជាផ្នែកមួយដែលឆ្លុះបញ្ចាំងថារដ្ឋាភិបាលនិងបន្តការអភិវឌ្ឍន៍ដោយផ្អែកលើទុនក្នុងស្រុក រួមជាមួយមូលនិធិនានាពីបរទេស។
នាយករដ្ឋមន្រ្តីបង់ក្លាសដែស លោកស្រី Sheikh Hasina បានចូលរួមជាអធិបតីក្នុងការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាកម្មធ្វើដំណើរសាធារណៈនេះ រួមជាមួយវត្តមានលោក Kiminori Iwama ឯកអគ្គរដ្ឋទូតជប៉៉ុនថ្មីប្រចាំប្រទេសបង់ក្លាដែស និងលោក Ichiguchi Tomohide តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬហៅកាត់ថា JICA។
លោកស្រីនាយករដ្ឋមន្រ្តីបានថ្លែងក្នុងឱកាសដាក់សម្ពោធជាផ្លូវការនូវសេវាកម្មរថភ្លើងសាធារណៈដំបូងក្នុងប្រទេសយ៉៉ាងដូច្នេះថា៖ "នៅថ្ងៃនេះ យើងបានបន្ថែមមោទនភាពមួយទៀតដល់ប្រជាជនបង់ក្លាដែស។ សមិទ្ធិផលនេះគឺជាផ្លែផ្កាមួយទៀតនៃការអភិវឌ្ឍន៍របស់ប្រទេសបង់ក្លាដែស"។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី Sheikh Hasina ក៏បានសម្តែងនូវការគោរពមរណទុក្ខចំពោះវិស្វករផ្លូវដែកជនជាតិជប៉ុនចំនូន ៦នាក់ដែលបានបាត់បង់ជីវិតអំឡុងពេលសាងសង់ផ្លូវដែកនេះ ក្នុងហេតុការណ៍វាយប្រហារក្នុងហាងកាហ្វេមួយក្នុងរដ្ឋធានីដាកា (Dhaka)កាលពីឆ្នាំ២០១៦ ដែលបណ្តាលឱ្យមនុស្ស ២៩នាក់ស្លាប់បាត់បង់ជីវិត។
កាលពីខែមិថុនាកន្លងទៅ លោកស្រី Hasina បានដាក់សម្ពោធនូវស្ពានថ្មីមួយប្រវែង ៦.៥១គីឡូម៉ែត្រលាតសន្ធឹងកាត់លើដងទន្លេ Padma ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់ចិនក្នុងតម្លៃប្រហែល ៣.៦ពាន់លានដុល្លារអាមេរិក ដែលជាថវិកាក្នុងស្រុកទាំងស្រុង។ ស្ពាននេះគឺជាស្ពានមួយក្នុងចំណោមស្ពានជាង១០០កន្លែងផ្សេងទៀត ដែលលោកស្រីនាយករដ្ឋមន្រ្តី Hasina បានសម្ពោធដាក់ឱ្យដំណើរការក្នុងប៉ុន្មានខែថ្មីៗនេះ។
គួរបញ្ជាក់ថា សេវាកម្មរថភ្លើង (Metro) ដ៏ថ្មីសន្លាងនេះ មានផែនការក្នុងការពង្រីកស្ថានីយ៍ដាក់ និងទទួលអ្នកដំណើរដល់ទៅ ១០០កន្លែង និងខ្សែរត់ចំនួន ៦ខ្សែនៅត្រឹមឆ្នាំ២០៣០។ ខ្សែដំបូងដែលត្រូវបានដាក់ដំណើរការក្នុងរដ្ឋធានី ដាកា នេះចំណាយថវិកាសាងសង់ប្រមាណ ២.៨ពាន់លានដុល្លារអាមេរិក ដែលជាថវិការស្ទើរតែទាំងស្រុងពីមូលនិធិ JICA។ សេវាកម្ម Metro នេះរំពឹងថានឹងអាចបំរើសេវាកម្មដល់មនុស្សប្រមាណ ៦ម៉ឺននាក់ក្នុងមួយម៉ោងនៅពេលដែលដាក់ដំណើរការពេញលេញ៕